ហុងកុងអាចក្លាយជាមជ្ឈមណ្ឌលអក្ខរកម្ម AI ខណៈអ្នកជំនាញជំរុញការប្រើប្រាស់ AI ប្រកបដោយទំនុកចិត្ត
ហុងកុង៖ អ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាបានលើកឡើងថា ហុងកុងមានសក្តានុពលក្លាយជាមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI) ដោយអាចប្រើប្រាស់ភាពរឹងមាំរបស់ខ្លួនក្នុងវិស័យសេវាកម្មវិជ្ជាជីវៈ ដើម្បីរួមចំណែកអភិវឌ្ឍ AI ដែលមានភាពគួរឱ្យទុកចិត្ត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០៦។
ថ្លែងក្នុងកិច្ចប្រជុំកំពូល Belt and Road Summit លោកស្រី Ellen Lau Sin-tung នាយកប្រតិបត្តិក្រុមហ៊ុន បណ្តុះបណ្តាលបច្ចេកវិទ្យា Preface AI បានបញ្ជាក់ថា នៅតែមានគម្លាតរវាងថ្នាក់ដឹកនាំសហគ្រាស និងបុគ្គលិកជួរមុខ ក្នុងដំណើរការបម្លែងឌីជីថល។ បុគ្គលិកមួយចំនួននៅតែមានការព្រួយបារម្ភថា AI អាចជំនួសការងាររបស់ពួកគេ ដែលធ្វើឱ្យការទទួលយកបច្ចេកវិទ្យាថ្មីមានភាពយឺតយ៉ាវ។
លោកស្រី Lau បានសង្កត់ធ្ងន់ថា អក្ខរកម្ម AI មានសារៈសំខាន់សម្រាប់ឱ្យមនុស្សអាចយល់ និងបែងចែកភាពខុសគ្នារវាងម៉ូដែល AI ផ្សេងៗ ព្រមទាំងយល់ដឹងពីសមត្ថភាពរបស់ AI agents។ ដូច្នេះ ថ្នាក់ដឹកនាំគួរធ្វើការរួមគ្នាជាមួយបុគ្គលិកជួរមុខ និងរៀនសូត្រអំពីការផ្លាស់ប្តូរបច្ចេកវិទ្យាទៅជាមួយគ្នា។
កិច្ចពិភាក្សានេះមានប្រធានបទ «From innovation to implementation: Hong Kong’s AI advantage in Belt and Road Initiative» និងត្រូវបានរៀបចំរួមគ្នាដោយ South China Morning Post ក្នុងអំឡុងកិច្ចប្រជុំកំពូល Belt and Road Summit។
ប្រែសម្រួល៖ គីរី
