វិស័យរូបិយប័ណ្ណឌីជីថល និងវិស័យធនាគារ ប្រជែងគ្នាដណ្តើមឥទ្ធិពលលើព្រឹទ្ធសភាអាមេរិក
វ៉ាស៊ីនតោន៖ វិស័យរូបិយប័ណ្ណឌីជីថល និងវិស័យធនាគារ នៅសហរដ្ឋអាមេរិក កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ក្នុងការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភា នៅក្នុងរដ្ឋកំណើតរបស់ពួកគេ មុនព្រឹទ្ធសភាធ្វើការបោះឆ្នោតសំខាន់លើច្បាប់ Clarity Act នៅសប្តាហ៍ក្រោយ ។ ច្បាប់នេះមានគោលបំណងកំណត់ក្របខណ្ឌច្បាស់លាស់សម្រាប់ទីផ្សារទ្រព្យសកម្មឌីជីថល និងកំណត់ថា ទីផ្សារប្រភេទណាស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នណា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters។
ក្នុងអំឡុងពេលសម្រាកប្រជុំសភា ក្រុមឧស្សាហកម្មគ្រីបតូបានបង្កើនយុទ្ធនាការនៅតាមរដ្ឋនានា តាមរយៈការផ្សព្វផ្សាយអត្ថបទមតិ ការរៀបចំព្រឹត្តិការណ៍ និងការជំរុញឱ្យប្រជាពលរដ្ឋទាក់ទងសមាជិកសភារបស់ខ្លួន។ ក្រុម Stand With Crypto ដែលគាំទ្រដោយក្រុមហ៊ុន Coinbase អះអាងថា អ្នកគាំទ្ររបស់ខ្លួនបានហៅទូរស័ព្ទ ឬផ្ញើអ៊ីមែលទៅសមាជិកសភាជិត ៥០,០០០ដង ក្នុងខែសីហា។
វិស័យគ្រីបតូយល់ថា ច្បាប់នេះនឹងផ្តល់ ភាពច្បាស់លាស់ផ្នែកច្បាប់ ជួយរក្សាការងារ ទុន និងនវានុវត្តន៍នៅសហរដ្ឋអាមេរិក។ ឧស្សាហកម្មនេះក៏បានចំណាយយ៉ាងហោចណាស់ ១៩០លានដុល្លារ លើសកម្មភាពនយោបាយ ដោយសារមើលឃើញថា ឆ្នាំ២០២៦ អាចជាឱកាសសំខាន់សម្រាប់ការអនុម័តច្បាប់នេះ។
ប៉ុន្តែ វិស័យធនាគារ និងអ្នករិះគន់មួយចំនួន ជំទាស់នឹងច្បាប់នេះ ដោយបារម្ភថា វាមិនមានវិធានការការពារគ្រប់គ្រាន់ប្រឆាំងនឹងការលាងលុយ និងអាចធ្វើឱ្យទ្រព្យសកម្មឌីជីថលមួយចំនួនប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រាក់បញ្ញើធនាគារ។ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋមួយចំនួន ក៏បានបង្ហាញការព្រួយបារម្ភចំពោះផលប៉ះពាល់លើប្រព័ន្ធធនាគារផងដែរ។
សមាគម Independent Community Bankers of America (ICBA) ក៏បានចល័តសមាជិកធនាគារមូលដ្ឋានឱ្យជួបជាមួយសមាជិកព្រឹទ្ធសភានៅរដ្ឋកំណើត ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់វិស័យធនាគារ ជាពិសេសចំពោះបទប្បញ្ញត្តិពាក់ព័ន្ធនឹង Stablecoin។
ព្រឹទ្ធសភាអាមេរិកគ្រោងធ្វើ ការបោះឆ្នោត តាមនីតិវិធីនៅថ្ងៃទី១៥ ខែកញ្ញា ដែលអាចក្លាយជាចំណុចសំខាន់ សម្រាប់កំណត់អនាគតរបស់ Clarity Act។ ទោះមានការគាំទ្រពីរដ្ឋបាលប្រធានាធិបតី Donald Trump និងការចំណាយយ៉ាងច្រើនពីវិស័យគ្រីបតូក្តី អ្នកវិភាគមួយចំនួននៅតែមើលឃើញថា ឱកាសអនុម័តច្បាប់នេះនៅតែប្រឈមនឹងឧបសគ្គ។
ប្រែសម្រួល៖ គីរី
