Feature

ជនសង្ស័យ២នាក់ ត្រូវបានកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណី រត់ពន្ធថ្នាំសេរ៉ូក្អក(DATISSIN)ខុសច្បាប់ពីថៃមកកម្ពុជា

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងបទល្មើសឆ្លងដែន ខុសច្បាប់និងការរត់ពន្ធថ្នាំស៊ីរ៉ូក្អក និងការរកឃើញសារធាតុញៀនក្នុងខ្លួន។

ករណីនេះបានកើតឡើងតាំងពីថ្ងៃទី០៨ ខែកញ្ញា នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខណៈដែលជនសង្ស័យឈ្មោះ ណយ វី អាយុ៣៦ឆ្នាំ និងឈ្មោះ ផលលីន អាយុ២៦ឆ្នាំ កំពុងលួចដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អកម៉ាក DATISSIN ចំនួន ៦កេស ស្មើនឹង ១,១៥០ដប ឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំងពីរបានសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកជញ្ជូនឱ្យមេក្លោងឈ្មោះ សំរើន ដែលកំពុងគេចខ្លួន ដោយទទួលបានកម្រៃត្រឹមតែ ២០,០០០រៀលប៉ុណ្ណោះក្នុងមួយលើក។ បន្ថែមពីលើបទល្មើសរត់ពន្ធនេះ លទ្ធផលតេស្តទឹកនោមរបស់សមត្ថកិច្ចក៏បានបញ្ជាក់ច្បាស់ផងដែរថា ពួកទាំងពីរមានផ្ទុកសារធាតុញៀនវិជ្ជមាន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបើកការស៊ើបអង្កេតបន្ត ដើម្បីតាមប្រមាញ់មេក្លោងពាក់ព័ន្ធយកមកផ្ដន្ទាទោស ខណ:ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ ប៊ុន សំណាង

To Top