ក្រសួងអប់រំ បើកវគ្គបំប៉នសមត្ថភាព សិស្សត្រៀមប្រឡង ចូលសាកលវិទ្យាល័យ
ភ្នំពេញ ៖ លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡាបានថ្លែងថា ក្រសួងបានផ្តល់ឱកាសបំប៉នសមត្ថភាព ជូនដល់សិស្សានុសិស្ស ដែលមានបំណងប្រឡងចូលរៀន នៅសាកលវិទ្យាល័យមួយចំនួន ។
លោក សាន វឌ្ឍនា លើកឡើងថា ការបើកវគ្គបំប៉នដល់សិស្សត្រៀមប្រឡងចូលសាកលវិទ្យានេះ ក្រសួងនឹងរៀបចំការបង្រៀនដោយផ្សាយបន្តផ្ទាល់ លើមុខវិជ្ជាចំនួន៤ រួមមាន ៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ដោយសាស្រ្តាចារ្យដ៏ចំណាន និងមានបទពិសោធន៍ខ្ពស់។
រដ្ឋលេខាធិការក្រសួងអប់រំបន្ថែមថា ការបង្រៀននេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ។
លោកបញ្ជាក់ថា ចំពោះការប្រឡងចូលរៀន នៅតាមសាកលវិទ្យាល័យ មួយចំនួន ដែលមានការកំណត់ ជារៀងរាល់ឆ្នាំទាមទារឱ្យមានការប្រកួតប្រជែងគ្នា ខ្ពស់លើមុខវិជ្ជាទាំង៤នេះ ។ សាកលវិទ្យាល័យទាមទារឱ្យនិស្សិត មានសមត្ថភាពខ្ពស់នោះរួមមាន ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(សាលាពេទ្យ) , វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា ។ សាកលវិទ្យាល័យទាំងនេះ មាននិស្សិតជាច្រើនពាន់នាក់បានដាក់ពាក្យប្រឡងចូលរៀន។
លោកសង្កត់ធ្ងន់ថា “ដូច្នេះ ក្រសួងអប់រំ បានយល់អំពីបញ្ហានេះ ហើយមានបំណងចង់ផ្តល់ ឱកាសដល់ប្អូនៗតាមរយៈការរៀបចំកម្មវិធីបង្រៀន ដោយការផ្សាយបន្តផ្ទាល់ ដោយមានការចូលរួមពីសាស្រ្តាចារ្យដ៏ចំណានៗ”។
បើតាមលោក សាន វឌ្ឍនា សិស្សានុសិស្សគ្រប់រូប អាចចូលរៀនក្នុងកម្មវិធីនេះ ដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀន ដោយការផ្សាយបន្តផ្ទាល់តាម www.duraseksa.gov.kh រួចចុចលើប៊ូតុង “ផ្សាយផ្ទាល់” និងបន្តទៅចុចលើប៊ូតុង “ត្រៀមប្រឡង សាកលវិទ្យាល័យ” ៕
