ព័ត៌មានអន្តរជាតិ

កាណាដា និងអ៊ុយក្រែន សហការគ្នាក្នុងការបង្កើនផលិតកម្ម ផលិតដ្រូនយោធាគ្រប់ប្រភេទ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅថ្ងៃព្រហស្បតិ៍នេះ ដោយភាគីទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងថ្មី ដើម្បីពង្រីកការផលិតយន្តហោះ
គ្មានមនុស្សបើករួមគ្នា និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ។

ក្រោមកិច្ចព្រមព្រៀង កាណាដា និងអ៊ុយក្រែននឹងសហការលើការអភិវឌ្ឍន៍ និងផលិតយន្តហោះគ្មានមនុស្សបើក រួមទាំងការផ្គត់ផ្គង់សារធាតុរ៉ែ និងលោហៈសំខាន់ៗ ព្រមទាំងវិស្វកម្ម និងការផលិតដែលពាក់ព័ន្ធ។ ប្រទេសកាណាដាក៏នឹងបង្កើតទីផ្សារដ្រូនឌីជីថលដែលយកគំរូតាមប្រព័ន្ធ Brave1
របស់អ៊ុយក្រែន ហើយគ្រោងនឹងបង្កើនកងយន្តហោះគ្មានមនុស្សបើកយោធារបស់ខ្លួនឲ្យបានច្រើនទៅដល់១០ដងផងដែរ។

កាណាដាក៏បានប្រកាសផ្តល់ជំនួយថ្មី សម្រាប់អ៊ុយក្រែន រួមទាំងប្រាក់ប្រហែល៣៥០លានដុល្លារកាណាដា ឬប្រមាណជា២៥២លានដុល្លារអាមេរិក សម្រាប់ឧបករណ៍ស្ទាក់ការពារដែនអាកាស និងជាង៦៤០លានដុល្លារកាណាដា សម្រាប់ការជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពល។

មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីភាពជាដៃគូរយៈពេល១០០ឆ្នាំ និងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខទៀតផង។

គួរឲ្យដឹងដែរថាចាប់តាំងពីឆ្នាំ២០២២ ការប្តេជ្ញាចិត្តសរុបរបស់កាណាដា ចំពោះជំនួយដល់អ៊ុយក្រែន មានលើសពី២៦ពាន់លានដុល្លារកាណាដា៕

ប្រែសម្រួល៖ស៊ុនលី

To Top