Feature

លោក ហួត ហាក់ បន្តបង្ហាញទៅកាន់ភ្ញៀវថា កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅតែបន្តប្រាប់ទៅភ្ញៀវ ក្នុងអំឡុងពេលមានជំនួបម្តងៗថា កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។

ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង និងជាតំណាងសាកលវិទ្យាល័យសេដ្ឋកិច្ច ហ៊ីរ៉ូស៊ីម៉ា (Hiroshima University of Economics) នៃប្រទេសជប៉ុន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាព ជួយក្នុងវិស័យទេសចរណ៍ និងអប់រំកន្លងមកនៅប្រទេសកម្ពុជា និងពិភាក្សាការងារ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Hirokazu Kashitani និងគណៈប្រតិភូសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា ដែលបានបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរអន្តរជាតិ ជាមួយប្រទេសកម្ពុជា (Cambodia international Exchange Program) និងសកម្មភាពអភិវឌ្ឍសហគមន៍ជាច្រើន នៅកម្ពុជា ដូចជានៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រៃវែងជាដើម ដែលពិតជាបានរួមចំណែក លើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ពង្រឹងការយល់ដឹងរវាងយុវជន និងនិស្សិតនៃប្រទេសទាំងពីរ ជាពិសេសគឺការគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ព្រមទាំងការលើកកម្ពស់ការយល់ដឹង ពីសុខភាព និងអនាម័យ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលបច្ចុប្បន្ន កម្ពុជា កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រួមទាំងទីផ្សារជប៉ុន ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ក្នុងជំនួបនេះ គណៈប្រតិភូ បានថ្លែងអំណរគុណ ចំពោះការគាំទ្រ របស់ក្រសួងទេសចរណ៍កន្លងមក និងបានប្តេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា តាមរយៈការផ្លាស់ប្តូរនិស្សិត ការអភិវឌ្ឍកម្មវិធីអប់រំ និងការចែករំលែកបទពិសោធន៍ របស់ប្រទេសជប៉ុន ជាពិសេសបទពិសោធន៍ នៃការកសាងទីក្រុងហ៊ីរ៉ូស៊ីម៉ាឡើងវិញ ក្រោយសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់ស្មារតីសន្តិភាព ភាពធន់ និងការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍសង្គម។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានស្នើសកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា រៀបចំអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងពិនិត្យលទ្ធភាពរៀបចំកម្មវិធី កម្មវិធីផ្លាស់ប្តូរការសិក្សា កម្មវិធីសិក្សាវគ្គខ្លី ដំណើរទស្សនកិច្ចសិក្សា សម្រាប់មន្ត្រីក្រសួងទេសចរណ៍ និងនិស្សិតកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ព្រមទាំងបានស្នើសាកលវិទ្យាល័យ បន្តជួយផ្សព្វផ្សាយអំពីស្ថានភាពពិត សន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍របស់កម្ពុជា តាមរយៈគេហទំព័រ និងបណ្តាញផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងយុវជនជប៉ុន មកទស្សនាកម្ពុជា កាន់តែច្រើន៕

To Top