ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក​ ប្ដេជ្ញាការពារអធិបតេយ្យភាព និងបដិសេធការប្រើប្រាស់ ប្រទេសម៉ិកស៊ិក​ ក្នុងនយោបាយអាមេរិក

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មី នូវជំហររបស់លោកស្រី លើអធិបតេយ្យភាពជាតិ និងបដិសេធការបោកប្រាស់ នយោបាយរបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យម៉ិកស៊ិកខាតបង់មុន ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។

លោកស្រី Sheinbaum បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ជាប្រចាំរបស់លោកស្រីនៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិកថា “ដូចដែលយើងតែងតែនិយាយ ម៉ិកស៊ិកមិនមែនជារបស់នរណាម្នាក់នោះទេ។ ម៉ិកស៊ិកត្រូវតែគោរព។ យើងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ពួកគេទេ។ ពួកគេក៏មិនគួរប្រើប្រាស់ម៉ិកស៊ិក​ ក្នុងការបោះឆ្នោតរបស់ពួកគេដែរ”។

ប្រធានាធិបតីរូបនេះ​ បានឆ្លើយតបទៅនឹងមតិយោបល់ថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលបានអះអាងថា ក្រុមជួញដូរគ្រឿងញៀនគ្រប់គ្រង “ទឹកដីដ៏ធំទូលាយ” របស់ប្រទេសម៉ិកស៊ិក ហើយថាពួកគេ “បង្កការគំរាមកំហែងយ៉ាងខ្លាំងនៅតាមព្រំដែនអាមេរិក”។

លោកស្រី Sheinbaum មើលឃើញពាក្យសម្ដីរបស់លោក​ Rubio ថាត្រូវបានជំរុញដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក​ នាពេលខាងមុខ​ ពោលគឺនៅក្នុងខែវិច្ឆិកា។

លោកស្រី​បាន​បន្ដ​ថា «ប្រទេស​ម៉ិកស៊ិក​ មិន​គួរ​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​សហរដ្ឋអាមេរិក​នោះទេ» ដោយ​បាន​កត់សម្គាល់​ថា អ្នកនយោបាយ​អាមេរិក​ ​គួរតែ​ផ្តោត​លើ​ការដោះស្រាយ​បញ្ហា​ក្នុងស្រុក​របស់​ពួកគេ ដូចជា​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការញៀន​គ្រឿងញៀន និង​ការទប់ស្កាត់​ការរត់ពន្ធ​អាវុធ​ចូលទៅក្នុង​ប្រទេស​ម៉ិកស៊ិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top