ចិន អំពាវនាវឱ្យមានការដោះស្រាយ នយោបាយ ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
អង្គការសហប្រជាជាតិ៖ បេសកជនចិនប្រចាំអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យ មានការដោះស្រាយនយោបាយ នៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈការទូត។
លោក Sun Lei តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឧ្យដឹងថា អរិភាពម្តងហើយម្តងទៀតនៅមជ្ឈិមបូព៌ាបានបង្កឱ្យមានគ្រោះថ្នាក់ និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៃប្រទេសនានាក្នុងតំបន់ រួមទាំងអ៊ីរ៉ង់ផងដែរ ខណៈដែលផលប៉ះពាល់ដែលហៀរចេញនៅតែបន្តពង្រីក ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។
លោកបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហានេះថា ភាគីពាក់ព័ន្ធគួរតែបោះបង់ចោលការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំង បន្តការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងនាំយកបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ត្រឡប់ទៅរកផ្លូវនៃដំណោះស្រាយនយោបាយ និងការទូតវិញ។
លោកបានេីកឡេីងថា ការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ សកម្មភាពយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ខណៈពេលដែលការចរចាកំពុងដំណើរការ និងគោលនយោបាយដាក់សម្ពាធអតិបរមារបស់ខ្លួនប្រឆាំងនឹងប្រទេសនោះ គឺជាមូលហេតុចម្បងនៃភាពស្មុគស្មាញ និងភាពមិនអាចដោះស្រាយបាននាពេលបច្ចុប្បន្ននៃស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។
លោកបន្ថែមថា «សហរដ្ឋអាមេរិក គួរតែធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថា នឹងមិនប្រើប្រាស់កម្លាំងម្តងទៀត ចូលរួមក្នុងការចរចាដោយស្មោះត្រង់ជាមួយអ៊ីរ៉ង់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងណាមួយនាពេលអនាគត»៕
ប្រែសម្រួល ឈូក បូរ៉ា
