ព័ត៌មានអន្តរជាតិ

OPEC៖​ តម្រូវការប្រេងសកលត្រូវបានព្យាករណ៍ថា​ នឹងកើនឡើង ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៦

វីយែន៖ តម្រូវការប្រេងសកលត្រូវបានព្យាករណ៍ថា​ នឹងកើនឡើង ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៦​ បើធៀបនឹងឆ្នាំមុន ដែលធ្លាក់ចុះពីការវាយតម្លៃខែសីហា នេះបើយោងតាមការលើកឡើងរបស់អង្គការប្រទេសនាំចេញប្រេង (OPEC)។

តួលេខនេះត្រូវបានចេញផ្សាយដោយ OPEC នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន។ នៅក្នុងរបាយការណ៍មុនក្នុងខែសីហា អង្គការនេះបានប៉ាន់ប្រមាណថា​ តម្រូវការប្រេងសកលកើនឡើង ៦០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំ២០២៦ ។

របាយការណ៍នេះបានឧ្យដឹងថា ការព្យាករណ៍នេះគិតគូរពីនិន្នាការកំណើនសេដ្ឋកិច្ច និងបញ្ហាប្រឈមបច្ចុប្បន្ន រួមទាំងផលប៉ះពាល់សេដ្ឋកិច្ចនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការងើបឡើងវិញនៃសម្ពាធអតិផរណា និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ទាក់ទងនឹងគោលនយោបាយពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

បើទោះបីជាមានការព្យាករណ៍ទាបជាង សម្រាប់ឆ្នាំ ២០២៦ ក៏ដោយ របាយការណ៍នេះបានបន្តកែសម្រួល ការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ ២០២៧ ដោយតម្រូវការប្រេងសកលត្រូវបានគេរំពឹងថា​ នឹងកើនឡើងប្រហែល ២,៤ លានបារ៉ែលក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងការប៉ាន់ស្មានពីមុនចំនួន ២,២ លានបារ៉ែលក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងឆ្នាំមុន។

យោងតាមរបាយការណ៍ថ្ងៃព្រហស្បតិ៍ ការកែសម្រួលឡើងលើនេះត្រូវបានជំរុញ ដោយការរំពឹងទុកតម្រូវការកើនឡើង សម្រាប់ទាំងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងប្រទេសដែលមិនមែនជាសមាជិក OECD៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top