រាជរដ្ឋាភិបាល ដៃម្ខាងធ្វើការងារការទូត នយោបាយ ដៃម្ខាងទៀតខាងការទូតសេដ្ឋកិច្ច
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទន្ទឹមដៃម្ខាងធ្វើការងារ ការទូត នយោបាយយ៉ាងសកម្ម និងឥតឈប់ឈរ ដើម្បីការពារអធិបតេយ្យភាព ពីការឈ្លានពានរបស់ភាគីថៃ ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតសេដ្ឋកិច្ចយ៉ាងសកម្មដូចគ្នាដែរ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពប្រចាំថ្ងៃបញ្ហាព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណាបានថ្លែងថា ទន្ទឹមនឹងដៃម្ខាងធ្វើការងារការទូតនយោបាយយ៉ាងសកម្ម និងឥតឈប់ឈរដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ក្នុងបរិបទ នៃការឈ្លានពានកាប់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់ កងកម្លាំងប្រដាប់អាវុធថៃ ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតសេដ្ឋកិច្ចយ៉ាងសកម្មដូចគ្នាដែរ។
លោកថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួបគណៈប្រតិភូ ធុរកិច្ចធំៗមកពីបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿន ដូចជាជប៉ុននិងសហរដ្ឋអាម៉េរិក តែងតែលើកឡើងពីបូរណភាពទឹកដី និងការទូតសេដ្ឋកិច្ច។
លោកបញ្ជាក់ថា “ជារួម រាជរដ្ឋាភិបាលដែលចាត់ទុកកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត បាននិងកំពុងមមាញឹកក្នុងកិច្ចការទូតនយោបាយយ៉ាងសកម្មក្លៀវក្លាជានិច្ច ដោយមិនភ្លេចការទូតសេដ្ឋកិច្ច ដែលត្រូវដើរទន្ទឹមគ្នា” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា ការងារការទូតនយោបាយ និងការទូតសេដ្ឋកិច្ចដ៏សកម្ម របស់រាជរដ្ឋាភិបាលដើរទន្ទឹម គ្នាជានិច្ច ដើម្បីបម្រើប្រទេសជាតិ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានជីវភាពធូរធារនិងមានសេចក្តីសុខ ៕
