បណ្តាប្រទេសជាប់ឈូងសមុទ្រពែរ្ស នឹងជួបប្រជុំគ្នានៅប្រទេសអូម៉ង់ នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីបញ្ហាតំបន់
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាប់ឈូងសមុទ្រពែរ្ស គ្រោងនឹងជួបប្រជុំគ្នានៅប្រទេសអូម៉ង់ នៅថ្ងៃចន្ទ ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហានានាក្នុងតំបន់ រួមទាំងកិច្ចពិភាក្សារវាងអ៊ីរ៉ង់ និងអូម៉ង់ ស្តីពីការកំណត់ផ្លូវធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅក្នុងច្រកសមុទ្រហ័រមូស។
លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះនឹងមានការចូលរួមពីសំណាក់ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ និងបណ្តាប្រទេសជាប់ឈូងសមុទ្រពែរ្សផ្សេងទៀត។
លោក Baghaei បានលើកឡើងថា គំនិតផ្តួចផ្តើម ក្នុងការរៀបចំកិច្ចប្រជុំនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការលើកកម្ពស់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ដោយគ្មានអ្វីដែលលោកហៅថា “ការជ្រៀតជ្រែកបែបបំផ្លិចបំផ្លាញ និងបង្កឱ្យមានការបែកបាក់” ពីសំណាក់តួអង្គក្រៅតំបន់ឡើយ។
លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនេះនឹងត្រួសត្រាយផ្លូវ សម្រាប់ការកែលម្អការយល់ដឹងគ្នា ទៅវិញទៅមករវាងបណ្តាប្រទេសក្នុងតំបន់ និងរួមចំណែកដល់សន្តិសុខតំបន់រួមគ្នា។
លោកបានបញ្ជាក់ថា អ៊ីរ៉ង់ប្តេជ្ញាចិត្តធានាសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រហ័រមូស ប៉ុន្តែលោកបានកត់សម្គាល់ថា ការធានានេះមិនអាចធ្វើទៅរួចទេ ដរាបណា “សកម្មភាពឈ្លានពាន និងការជ្រៀតជ្រែកខុសច្បាប់” របស់សហរដ្ឋអាមេរិក រួមទាំងការបិទខ្ទប់ផ្លូវសមុទ្រ និងសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបន្តកើតមាន៕
ប្រែសម្រួល ឈូក បូរ៉ា
