កម្ពុជា ប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ពីជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈយុទ្ធភណ្ឌគ្រឿងផ្ទុះ បង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០គីឡូម៉ែត្រការ៉េ
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា កំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ខណៈយុទ្ធភណ្ឌគ្រឿងផ្ទុះ បានបង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០គីឡូម៉ែត្រការ៉េ។
ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោក Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ និងជាប្រធានសន្និសីទពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសឡាវ។
ក្នុងជំនួបនេះ លោក Thongsavan Phomvihane បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទ ពិសោធន៍រវាងប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហា យុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសសំណល់គ្រាប់បែក ចង្កោមពីសង្គ្រាមវៀតណាម។
លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពី មិត្តភាពជាប្រពៃណី និងទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា–ឡាវ ព្រមទាំងកោតសរសើរចំពោះភាពរីកចម្រើន និងភាពធន់របស់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគ្រាប់បែកចង្កោម។
លោកបានចែករំលែកថា ក្នុងរយៈពេលជាង៣ទសវត្សរ៍ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង ៣,៥០០ គីឡូម៉ែត្រការ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារជីវិតប្រជាពលរដ្ឋ បើកដីសម្រាប់ការអភិវឌ្ឍ និងបង្កើតសហគមន៍ប្រកបដោយសុវត្ថិភាព។
ទោះបីកម្ពុជា មិនមែនជារដ្ឋភាគី នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងមានឋានៈជារដ្ឋអង្កេតការណ៍ ក៏ដោយ កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រគោលដៅមនុស្សធម៌របស់អនុសញ្ញា និងបានបោសសម្អាតគ្រាប់បែក ចង្កោមជាច្រើន។ បច្ចុប្បន្ន កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមប្រមាណ ជាង ៦០០ គីឡូម៉ែត្រការ៉េ ដែលត្រូវបន្តដោះស្រាយ។
ជាមួយគ្នានេះ កម្ពុជាកំពុងប្រឈម នឹងបន្ទុកមនុស្សធម៌ថ្មី ពីជម្លោះព្រំដែនកម្ពុជា–ថៃក្នុងឆ្នាំ២០២៥ ខណៈយុទ្ធភណ្ឌគ្រឿងផ្ទុះបានបង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣,០០០ គីឡូម៉ែត្រការ៉េ ត្រូវបានវាយតម្លៃថារងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ស្ថានភាពថ្មីនេះ បន្ថែមបន្ទុកលើកិច្ចខិតខំរបស់កម្ពុជា ក្នុងការបន្តដោះស្រាយមរតកសង្គ្រាម ដោយតម្រូវ ឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ពីសហគមន៍អន្តរជាតិបន្ថែមទៀត៕
