ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្រមានថា AI អាចបង្ក “មហន្តរាយគ្រប់ពេល” ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗសន្យាចាត់វិធានការ

ទីក្រុងឡុងដ៍៖ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបច្ចេកវិទ្យាបានព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កមហន្តរាយធ្ងន់ធ្ងរ “គ្រប់ពេល” ប្រសិនបើការអភិវឌ្ឍបច្ចេកវិទ្យានេះបន្តលឿនជាងសមត្ថភាពរបស់សង្គមក្នុងការគ្រប់គ្រងហានិភ័យ។ អ្នកជំនាញខ្លះចាត់ទុកការគំរាមកំហែងពី AI ថា ត្រូវការដោះស្រាយជាបន្ទាន់ជាងបញ្ហាបម្រែបម្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Sky News នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

លោក Martin Rees អ្នកតារាសាស្ត្រ និងជាសហស្ថាបនិកមជ្ឈមណ្ឌលសិក្សាហានិភ័យអត្ថិភាពរបស់សាកលវិទ្យាល័យ Cambridge បានព្រមានថា បច្ចេកវិទ្យា AI អាចបង្កវិបត្តិធ្ងន់ធ្ងរ ដូចជា ការរំខានបណ្តាញអគ្គិសនីក្នុងទីក្រុងធំៗ ឬធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានបំផ្លាញ។ ប្រសិនបើទីក្រុងមួយត្រូវបានកាត់ផ្តាច់ពីថាមពល អាហារ និងទឹករយៈពេលប៉ុន្មានថ្ងៃ វាអាចនាំទៅរកការបាក់បែកនៃសណ្តាប់ធ្នាប់សង្គម ហើយបើកើតឡើងនៅទីក្រុងជាច្រើនក្នុងពេលតែមួយ ផលប៉ះពាល់អាចធ្ងន់ធ្ងរដល់អរិយធម៌ទាំងមូល។

ទន្ទឹមនឹងនេះ Dame Wendy Hall នាយកវិទ្យាស្ថាន Web Science នៃសាកលវិទ្យាល័យ Southampton បានអះអាងថា ក្រុមហ៊ុន AI មិនគួរត្រូវបានទុកឱ្យគ្រប់គ្រងខ្លួនឯងទាំងស្រុងឡើយ។ លោកស្រីបានព្រមានអំពីលទ្ធភាពនៃមហន្តរាយដែលអាចកើតឡើងដោយចៃដន្យ ឬដោយអចេតនា ហើយបានប្រៀបធៀបហានិភ័យនេះទៅនឹងលទ្ធភាពនៃការមាន “គ្រោះមហន្តរាយ Chernobyl” សម្រាប់វិស័យ AI។

ចំពោះវិស័យឧស្សាហកម្មវិញ នាយកប្រតិបត្តិ Anthropic លោក Dario Amodei បានអំពាវនាវឱ្យក្រុមហ៊ុន AI ឈានមុខដាក់អ្នកត្រួតពិនិត្យឯករាជ្យពីភាគីទីបីជាអចិន្ត្រៃយ៍ និងបន្ថយល្បឿននៃការអភិវឌ្ឍសមត្ថភាពម៉ូដែល AI។ នាយកប្រតិបត្តិ OpenAI លោក Sam Altman បានគាំទ្រការអំពាវនាវនេះ ខណៈលោក Elon Musk ក៏បានឆ្លើយតបថា លោក Amodei “និយាយត្រឹមត្រូវ”។

ក្រុមហ៊ុន Anthropic ក៏បានបង្ហាញថា មនុស្សមួយចំនួនដែលមានគោលបំណងអាក្រក់បានប្រើម៉ូដែល AI Claude សម្រាប់សកម្មភាពដូចជា ការអភិវឌ្ឍអាវុធ ប្រតិបត្តិការវាយប្រហារតាមអ៊ីនធឺណិត ការឃ្លាំមើល និងការក្លែងបន្លំ។ ករណីនេះបន្ថែមការព្រួយបារម្ភថា AI អាចត្រូវបានយកទៅប្រើប្រាស់ខុសគោលបំណង ប្រសិនបើគ្មានប្រព័ន្ធត្រួតពិនិត្យ និងការពារគ្រប់គ្រាន់។

យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក Donald Trump ហាក់ដូចជាមិនចែករំលែកការព្រួយបារម្ភកម្រិតដូចអ្នកជំនាញទាំងនេះទេ។ នៅពេលត្រូវបានសួរអំពីការរឹតបន្តឹងបទប្បញ្ញត្តិលើ AI លោកបាននិយាយថា អាមេរិកកំពុងនាំមុខចិនក្នុងវិស័យ AI ហើយថា អ្នកណាឈ្នះក្នុងការប្រកួតប្រជែង AI នឹងក្លាយជាអ្នកឈ្នះក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា។ លោកក៏បានចាត់ទុកការព្រមានមួយចំនួនអំពីផលវិបាកអវិជ្ជមានរបស់ AI ថា ជារឿងដែលមិនចាំបាច់កើតឡើង។

សរុប៖ ការព្រមានថ្មីៗនេះបង្ហាញពីការប្រឈមកាន់តែខ្លាំងរវាង ល្បឿននៃការអភិវឌ្ឍ AI និងតម្រូវការគ្រប់គ្រងសុវត្ថិភាព ខណៈអ្នកជំនាញ និងមេដឹកនាំឧស្សាហកម្មមួយចំនួនកំពុង អំពាវនាវឱ្យមានការត្រួតពិនិត្យឯករាជ្យ និងការប្រុងប្រយ័ត្នខ្ពស់ជាងមុន។

ប្រែសម្រួល៖ គីរី

To Top