ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមបង្ហាញ កិច្ចព្រមព្រៀង បណ្តោះអាសន្ន សម្រាប់បើកផ្លូវដឹកជញ្ជូន តាមច្រកសមុទ្រ Hormuz

តេអេរ៉ង់៖ អ៊ីរ៉ង់គ្រោងបង្ហាញជាផ្លូវការនៅថ្ងៃចន្ទ នូវកិច្ចព្រមព្រៀងបណ្តោះអាសន្ន មួយជាមួយប្រទេសអូម៉ង់ ស្តីពីការបង្កើតផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ទៅកាន់ប្រទេសនៅតំបន់ឈូងសមុទ្រ ខណៈការខិតខំការទូតកំពុង ត្រូវបានពន្លឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូន តាមផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន South China Morning Post ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម ថាមពលពិភពលោក ។ មុនពេលសង្គ្រាមផ្ទុះឡើង ប្រមាណ មួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក បានឆ្លងកាត់ច្រកនេះ។ ការរំខានដល់ការធ្វើនាវាចរណ៍នៅតំបន់នេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់ប្រេង និងធ្វើឱ្យតម្លៃប្រេងនៅទីផ្សារអន្តរជាតិកើនឡើង។

កិច្ចព្រមព្រៀងដែលអ៊ីរ៉ង់ និងអូម៉ង់បានពិភាក្សាគ្នា មានគោលបំណងកំណត់ ផ្លូវចូល និងផ្លូវចេញសម្រាប់នាវា ដើម្បីជួយរៀបចំការធ្វើនាវាចរណ៍តាម Hormuz។ អ៊ីរ៉ង់ត្រូវបានរំពឹងថា នឹងបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះដល់ប្រទេសឈូងសមុទ្រផ្សេងទៀត ក្នុងកិច្ចប្រជុំនៅប្រទេសអូម៉ង់។

ទោះជាយ៉ាងណា បញ្ហាសំខាន់មួយនៅតែជាប់គាំង គឺការទាមទាររបស់អ៊ីរ៉ង់ឱ្យមានការបង់ ថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រក Hormuz ខណៈអូម៉ង់មិនយល់ព្រមលើចំណុចនេះ។ មន្ត្រីអ៊ីរ៉ង់ម្នាក់ក៏បានបញ្ជាក់ថា កិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃចន្ទ មិនទំនងនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយភ្លាមៗនោះទេ។

ស្ថានការណ៍កាន់តែស្មុគស្មាញ ខណៈមានការវាយប្រហារថ្មីៗលើនាវានៅតំបន់ឈូងសមុទ្រ និងការវាយប្រហារលើបណ្តាញបំពង់ប្រេងសំខាន់របស់អារ៉ាប៊ីសាអូឌីត។ កត្តាទាំងនេះបានបង្កើនការព្រួយបារម្ភថា ការរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោកអាចអូសបន្លាយ ហើយតម្លៃប្រេងអាចបន្តឡើងខ្ពស់។

យ៉ាងណាក៏ដោយ កិច្ចប្រជុំដែលគ្រោង ធ្វើនៅថ្ងៃចន្ទ ត្រូវបានពន្យារពេលនៅពេលក្រោយ ដោយប្រទេសអូម៉ង់ បានលើកឡើងថា ការពន្យារពេលនេះធ្វើឡើងដើម្បីស្វែងរកការឯកភាពក្នុងតំបន់។ ការពន្យារពេលនេះបានធ្វើឱ្យក្តីសង្ឃឹមថា Hormuz នឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗ ត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាបន្ថែមទៀត។

ប្រែសម្រួល៖ គីរី

To Top