លោក ហួត ហាក់៖ ក្រសួងទេសចរណ៍ គាំទ្រការផលិតភាព យន្តទេសចរណ៍ ក្នុងគោលបំណងប្រែកម្ពុជា ជាគោលដៅថត ភាពយន្តអន្តរជាតិ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ កំពុងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការផលិតភាពយន្តទេសចរណ៍ នៅកម្ពុជា ក្នុងគោលបំណងប្រែកម្ពុជា ឱ្យក្លាយជាគោលដៅថតភាពយន្តអន្តរជាតិ ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងជំនួប ជាមួយលោក Bo Shanglang ប្រធានសមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន (Promotion of Economic and Trade Cambodia-ASEAN Association) និងសហការី ព្រមទាំងវិនិយោគិនចិន ជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Luzhou Laojiao International Development ដើម្បីបង្ហាញពីសកម្មភាពសមាគម និងពិភាក្សាការងារ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-ចិន ជាពិសេសលើគំនិតផ្តួចផ្តើម «ទេសចរណ៍ និងភាពយន្ត» កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះលោក Bo Shanglang និងវិនិយោគិនចិន ដែលបានចូលរួមគាំទ្រ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា ទៅកាន់ប្រជាជន សហគ្រាស និងវិនិយោគិន នៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានបានគូសបញ្ជាក់ថា កម្ពុជា និងចិន ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើង ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការផ្សារភ្ជាប់ «ទេសចរណ៍ និងភាពយន្ត» ដោយបញ្ជាក់ថា ក្រសួងទេសចរណ៍ កំពុងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការផលិតភាពយន្តទេសចរណ៍នៅកម្ពុជា ក្នុងគោលបំណងប្រែកម្ពុជា ឱ្យក្លាយជាគោលដៅថតភាពយន្តអន្តរជាតិ តាមរយៈការសម្រួលនីតិវិធី ការបង្កើតយន្តការច្រកចេញ-ចូលតែមួយ និងការផ្សព្វផ្សាយទីតាំងថតភាពយន្ត ដ៏សម្បូរបែបរបស់កម្ពុជា ដែលរួមមានប្រាសាទ បេតិកភណ្ឌវប្បធម៌ ឆ្នេរសមុទ្រ ព្រៃភ្នំ និងធម្មជាតិដ៏ស្រស់ស្អាត។

ជាមួយគ្នានេះដែរ លោក Bo Shanglang បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការសហការជាមួយក្រសួងទេសចរណ៍ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្តធំៗ របស់ប្រទេសចិន និងក្នុងតំបន់រដ្ឋបាលពិសេសហុងកុង មកថតភាពយន្តខ្នាតធំ នៅកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយសភាពការណ៍ពិត សុខសុវត្ថិភាពនៅកម្ពុជា ទៅកាន់ប្រជាជន និងធុរជនចិន ដើម្បីពង្រឹងការតភ្ជាប់បណ្តាញធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានស្នើសមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន បន្តផ្សព្វផ្សាយព័ត៌មានពិត អំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជា និង ការផ្សព្វផ្សាយគោលនយោបាយ លើកលែងទិដ្ឋាការ សម្រាប់ប្រជាជនចិនទៅកាន់ទីផ្សារចិន ការរៀបចំកម្មវិធី FAM Trip សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកផលិតមាតិកា និងសារព័ត៌មានចិន ព្រមទាំងជួយផ្សព្វផ្សាយ ពីការលើកទឹកចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញក្រុមហ៊ុនផលិតភាពយន្ត អ្នកបង្កើតមាតិកា និងវិនិយោគិនចិន មកថតភាពយន្ត ផលិតមាតិកាទេសចរណ៍ និងវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព និងសក្តានុពលទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន (Promotion of Economic and Trade Cambodia-ASEAN Association) គឺជាសមាគម ដែលមានបេសកកម្ម ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការតភ្ជាប់ធុរកិច្ចរវាងកម្ពុជា និងចិន ដោយមានបណ្តាញការិយាល័យតំណាង នៅរដ្ឋធានីប៉េកាំង និងបណ្តាខេត្តធំៗ ក្នុងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ហើយជាដៃគូដ៏មានសក្តានុពល ក្នុងការគាំទ្រការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕



