ព័ត៌មានអន្តរជាតិ

មេដឹកនាំប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត ពិភាក្សាគ្នាបញ្ហាក្នុងតំបន់ និងកិច្ចខិតខំ ដើម្បីដំណោះស្រាយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin Salman bin Abdulaziz Al Saud និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពី
ថ្ងៃអាទិត្យបានពិភាក្សាគ្នាអំពីការអភិវឌ្ឍន៍ក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីកាត់បន្ថយភាពតានតឹង ។

ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ លោក Sharif បានថ្កោលទោសការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រុម Houthi របស់ប្រទេសយេម៉ែន ដោយបានបរិហារនូវអ្វីដែលលោកបានពិពណ៌នាថាជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រ ហើយបានរំលឹកឡើងវិញនូវសាមគ្គីភាពពេញលេញរបស់ប្រទេសប៉ាគីស្ថានជាមួយអារ៉ាប៊ីសាអូឌីត។

លោក Sharif ក៏បានថ្កោលទោសការវាយប្រហារ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធប្រេង ដ៏សំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងបានអះអាងជាថ្មីអំពីការគាំទ្ររបស់ប៉ាគីស្ថានចំពោះសន្តិសុខរបស់ព្រះរាជាណាចក្រ។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃសុក្រថា បំពង់បង្ហូរប្រេងខាងកើត-ខាងលិចរបស់ខ្លួនត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យមានរបួស និងការខូចខាត។ លោក Ali al-Zaidi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងជា អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ បានបណ្តេញមេបញ្ជាការប្រតិបត្តិការ Maysan កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអាជ្ញាធរបានបញ្ជាក់ថា ការវាយ
ប្រហារសំដៅទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានធ្វើឡើងពីទីតាំងមួយក្នុងខេត្ត Maysan ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។

គួរឲ្យដឹងដែរថាប្រទេសអារ៉ាប៊ីសាអូឌីតបានវិនិយោគយ៉ាងច្រើននៅក្នុងបំពង់បង្ហូរប្រេង East-West Pipeline ដែលដឹកប្រេងឆៅពីតំបន់ភាគខាងកើតរបស់ខ្លួនទៅកាន់កំពង់ផែសមុទ្រក្រហម Yanbu ដោយឆ្លងកាត់ច្រកសមុទ្រ Hormuz ៕

To Top