ព័ត៌មានអន្តរជាតិ

លោក Putin អះអាងថា ចំណាប់អារម្មណ៍ របស់សកល លោកមកលើប្លុក BRICS មានចំនួនកាន់តែច្រើនឡើង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា ចំណាប់អារម្មណ៍អន្តរជាតិ ចំពោះប្លុក BRICS បានបន្តកើនឡើង នៅពេលដែលតម្លៃរបស់ក្រុម និងវិធីសាស្រ្តឯករាជ្យទាក់ទាញ ប្រទេសជុំវិញពិភពលោក។

ថ្លែងនៅក្នុងសម័យប្រជុំ BRICS Outreach/BRICS Plus ដែលបានបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៨របស់ខ្លួនក្នុងទីក្រុង New Delhi លោក Putinបានចង្អុលទៅការចូលរួមយ៉ាង ទូលំទូលាយនៅក្នុងកិច្ចប្រជុំនេះជាភស្តុតាង នៃការអំពាវនាវដែលកំពុងកើនឡើងរបស់ខ្លួន។

លោកបានមានប្រសាសន៍ថា៖តម្លៃ និងឧត្តមគតិជាមូលដ្ឋានរបស់យើង ដូចជាការប្តេជ្ញាចិត្តចំពោះផ្លូវឯករាជ្យ និងស្វ័យភាព និងបំណងប្រាថ្នាក្នុងការដោះស្រាយបញ្ហារួមគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិសំខាន់ៗនៃធម្មនុញ្ញអង្គការសហប្រជាជាតិ អំពាវនាវដល់មនុស្សជាច្រើនជុំវិញពិភពលោក ។

BRICS បានពង្រីកយ៉ាងខ្លាំង លើសពីសមាជិកចំនួន៥ ដំបូងរបស់ខ្លួន ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានណែនាំប្រភេទប្រទេសដៃគូសម្រាប់រដ្ឋ ដែលស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដោយគ្មានសមាជិកភាពពេញលេញ។

លោកPutinបានពណ៌នាអង្គការនេះថាជា ផ្នែកមួយនៃកម្លាំងជំរុញដ៏មានឥទ្ធិពល នៅពីក្រោយការពង្រឹង ពហុភាគីនិយមពិតប្រាកដ និងបង្កើត សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មីមួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top