Feature

កម្ពុជា ប្រឆាំង និងថ្កោលទោស ចំពោះការប្រើប្រាស់ គ្រាប់បែកចង្កោម

ភ្នំពេញ ៖ ថ្លែងទៅកាន់ពិភពលោក តាមរយៈកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់ របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ។

លោក គូសបញ្ជាក់ទៀតថា កម្ពុជាបានចំណាយពេលជាង ៣៣ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោលយុទ្ធភណ្ឌគ្រឿង ផ្ទុះរាប់លានគ្រាប់ ។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដី រាប់រយគីឡូម៉ែត្រការ៉េទៀត ដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ ។

លោកបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនបានរំពឹងថា នឹងត្រូវចាប់ផ្តើមការងារនេះសារជាថ្មីឡើយ។ ប៉ុន្តែក្នុងឆ្នាំ២០២៥ ក្នុងបរិបទជម្លោះ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅតាមសហគមន៍របស់កម្ពុជា ដែលបានបង្កើតតំបន់រង ផលប៉ះពាល់ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣.០០០ គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។

ការគំរាមកំហែងថ្មីនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់កម្ពុជា។ ប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋជាង ២០.០០០នាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋាន ដែលជាទ្រព្យសម្បត្តិរបស់ខ្លួនបាន។

លោកបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា «កម្ពុជាមិនទាន់បញ្ចប់ការបោសសម្អាតមរតកសង្គ្រាម ពីអតីតកាលអស់ផង បែរជាត្រូវប្រឈម នឹងបន្ទុកមនុស្សធម៌ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ដែលបង្កឡើងដោយការប្រើប្រាស់អាវុធក្នុងឆ្នាំ២០២៥ ដោយកងកម្លាំងយោធាថៃ។ បន្ទុកថ្មីនេះកាន់តែបង្កើនតម្រូវការធនធាន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់»។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីជំហររបស់កម្ពុជាយ៉ាងច្បាស់ថា «ទោះកម្ពុជាមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនេះក៏ដោយ កម្ពុជាគាំទ្រយ៉ាងពេញលេញ ចំពោះគោលបំណងរបស់អនុសញ្ញា និងមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ ហើយបានប្រកាសប្រឆាំង និងថ្កោលទោស ចំពោះការប្រើប្រាស់អាវុធប្រភេទនេះ»៕

To Top