រុស្ស៊ី បេីកការវាយប្រហារ រោងចក្រផលិតយន្តហោះដ្រូន មជ្ឈមណ្ឌលដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងប្រទេសអ៊ុយក្រែន
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងរុស្ស៊ី បានបន្តការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅភាគខាងលិចប្រទេសអ៊ុយក្រែន និងមជ្ឈមណ្ឌលដឹកជញ្ជូន ដែលស្តុកទុកសម្ភារៈផ្គត់ផ្គង់ សម្រាប់កងកម្លាំងអ៊ុយក្រែន។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ សម្រាប់ដឹកជញ្ជូនទំនិញយោធា ពីបណ្តាប្រទេសអឺរ៉ុប គឺនៅតែបន្តកើតមាន» ។
ក្នុងអំឡុងពេលថ្ងៃនោះ កង កម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ជាក្រុមទៅលើសហគ្រាសឧស្សាហកម្ម ដែលពាក់ព័ន្ធនឹងការផលិត យន្តហោះគ្មានមនុស្សបើក មជ្ឈមណ្ឌលដឹកជញ្ជូន និងឃ្លាំងស្តុកទំនិញយោធាសម្រាប់កងកម្លាំងអ៊ុយក្រែន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលគាំទ្រដល់ប្រតិបត្តិការ នៃកំពង់ផែ និងប្រព័ន្ធដឹកជញ្ជូននៅក្នុងតំបន់ Odessa ផងដែរ។
ក្រសួងបានកត់សម្គាល់ថា សាលាផលិតយន្តហោះគ្មានមនុស្សបើក និងគ្រឿងបន្លាស់របស់វា ព្រមទាំងឃ្លាំងស្តុកមីស៊ីល អាវុធធុនធ្ងន់ និងគ្រាប់រំសេវរបស់កងកម្លាំងអ៊ុយក្រែន ក៏ត្រូវបានវាយប្រហារផងដែរ។
នៅថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា មជ្ឈមណ្ឌលដឹកជញ្ជូន Nova Poshta ដែលស្តុក និងចែកចាយទំនិញ សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានវាយប្រហារ ព្រមទាំងស្ថានីយ៍បំប្លែងថាមពលអគ្គិសនី Novaya និង Usatovo ដែលគាំទ្រដល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Odessa និង Nikolayev ក៏រងការវាយប្រហារផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
