ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើងជាង ២% បន្ទាប់ពីមានការវាយប្រហារថ្មីៗ លើប្រទេសអារ៉ាប៊ីសាអូឌីត និងច្រកសមុទ្រហ័រមូស

បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ២% នៅថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារថ្មីរបស់ក្រុមហ៊ូធី (Houthi) ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត និងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើនាវាចរណ៍នៅក្នុងឈូងសមុទ្រ បានបង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់ បន្ទាប់ពីការបិទបំពង់បង្ហូរប្រេង ដ៏សំខាន់មួយរបស់អារ៉ាប៊ីសាអូឌីត។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ២,៩០ ដុល្លារ ឬ ២,៧៧% ដល់ ១០៧,៥១ ដុល្លារក្នុងមួយបារ៉ែល ចំណែកតម្លៃប្រេងឆៅប្រភេទ WTI បានកើនឡើង ២,២៧ ដុល្លារ ឬ ២,២៧% ដល់ ១០២,៣២ ដុល្លារក្នុងមួយបារ៉ែល។ នៅពេលទីផ្សារបើកដំបូង តម្លៃប្រេងបានកើនឡើងជាង ៣%។

នៅថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អារ៉ាប៊ីសាអូឌីតបានចេញផ្សាយវីដេអូបង្ហាញពីការខូចខាតផ្ទះសម្បែង និងវិហារឥស្លាមមួយកន្លែង ដែលបណ្តាលមកពីអ្វីដែលពួកគេអះអាងថាជាការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើខេត្ត Jazan នៅភាគខាងត្បូងនៃប្រទេស។ ក្រុមហ៊ូធីក៏បានអះអាងផងដែរថា ពួកគេបានវាយប្រហារមូលដ្ឋានយោធារបស់អារ៉ាប៊ីសាអូឌីតមួយកន្លែងទៀតនៅក្នុងខេត្តជាប់គ្នា។

ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានរាយការណ៍នៅថ្ងៃអាទិត្យថា នាវាចរណ៍មួយគ្រឿងនៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង ដែលបណ្តាលឱ្យមានអគ្គិភ័យឆេះ និងបង្ខំឱ្យមានការជម្លៀសក្រុមនាវិកចេញពីនាវា។

ប្រទេសអ៊ីរ៉ង់បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងនាវិក ៤ នាក់ផ្សេងទៀតបានរងរបួសនៅលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង ដែលត្រូវបានវាយប្រហារនៅតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។

គេបានរំពឹងទុកថា តម្លៃប្រេងនឹងកើនឡើងនៅថ្ងៃចន្ទ ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃការផ្គត់ផ្គង់ប្រេងពីអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក។ បំពង់បង្ហូរប្រេង East-West របស់ប្រទេសនេះត្រូវបានបិទកាលពីថ្ងៃសុក្រ ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ដែលមានប្រភពចេញពីប្រទេសអ៊ីរ៉ាក់។
ប្រែសម្រួលៈ ណៃ តុលា

To Top