មហាសេដ្ឋីមានបំផុត នៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong តែងតាំងកូនប្រុសទាំងពីរនាក់ ជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន VinFast និង Green SM
ហូជីមិញ-ហាណូយ៖ លោក Pham Nhat Vuong មហាសេដ្ឋីលំដាប់ថ្នាក់លេខមួយនៅវៀតណាម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមូហក្រុមហ៊ុន Vingroup បានប្រកាសពី ការផ្លាស់ប្តូរ រចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលជាប្រវត្តិសាស្ត្រ ដោយបានតែងតាំងកូនប្រុសបង្កើត ទាំងពីររូបឱ្យកាន់តំណែង ជាអគ្គនាយកប្រតិបត្តិ (Global CEO) នៃក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗពីរគឺ VinFast និង Green SM (GSM)នេះបើការចេញផ្សាយពី VN Express។
លោក Pham Nhat Quan Anh ក្លាយជា CEO សកលនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast
អ្នកបន្តវេន៖ លោក Pham Nhat Quan Anh (អាយុ ៣៣ ឆ្នាំ) ដែលជាកូនប្រុសច្បង ត្រូវបានតែងតាំងជា អគ្គនាយកប្រតិបត្តិសកល (Global CEO) នៃក្រុមហ៊ុន VinFast Auto ជំនួសតំណែងឪពុករបស់លោក។ ក្រៅពីតំណែង CEO លោក Quan Anh នឹងបន្តកាន់តំណែងជាប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃ VinFast ប្រចាំប្រទេសវៀតណាម ព្រមទាំងរក្សាតំណែងជា CEO នៃក្រុមហ៊ុនផលិតដែកថែប VinMetal ផងដែរ។
ការទទួលខុសត្រូវ៖ លោក Quan Anh នឹងទទួលខុសត្រូវទាំងស្រុងលើប្រតិបត្តិការសកលរបស់ VinFast ក្នុងដំណាក់កាលដែលក្រុមហ៊ុនកំពុងធ្វើការកែទម្រង់រចនាសម្ព័ន្ធអាជីវកម្មឱ្យមានភាពស្ទាត់ជំនាញ (Asset-light model) និងជំរុញការរីកចម្រើននៅទីផ្សារអន្តរជាតិ ដូចជា តំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌា អឺរ៉ុប និងអាមេរិកខាងជើង។
លោក Pham Nhat Vuong នឹងផ្ទេរតំណែង CEO ទៅឱ្យកូនប្រុស ប៉ុន្តែលោកនៅតែបន្តស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាល (Board of Directors) នៃក្រុមហ៊ុន VinFast ដដែល។
លោក Pham Nhat Minh Hoang ក្លាយជា CEO សកលនៃក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន Green SM (GSM)។ លោក Pham Nhat Minh Hoang កើតនៅឆ្នាំ ២០០០ ដែលជាកូនប្រុសទីពីរ ត្រូវបានតែងតាំងជា អគ្គនាយកប្រតិបត្តិ (Global CEO) នៃក្រុមហ៊ុន Green & Smart Mobility (GSM/Green SM) ដែលជាក្រុមហ៊ុនបម្រើសេវាកម្មតាក់ស៊ី និងកក់យានយន្តអគ្គិសនី។
ការផ្លាស់ប្តូរថ្នាក់ដឹកនាំ៖ លោក Nguyen Quoc Tuan (អតីត CEO) ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលសកលនៃ Green SM ជំនួសលោកស្រី Pham Thu Huong (ភរិយារបស់លោក Pham Nhat Vuong)។ Green SM ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ កំពុងពង្រីកសេវាកម្មយ៉ាងរហ័សនៅក្នុង និងក្រៅប្រទេស ហើយកំពុងត្រៀមខ្លួនសម្រាប់ចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅទីផ្សារភាគហ៊ុនហុងកុងនាឆ្នាំ ២០២៨។
ការតែងតាំងសមាសភាពថ្នាក់ដឹកនាំវ័យក្មេងនៃត្រកូល Pham ឆ្លុះបញ្ចាំងពី យុទ្ធសាស្ត្រផ្ទេរអំណាច និងរៀបចំអ្នកបន្តវេន (Succession Strategy) របស់មហាសេដ្ឋី Pham Nhat Vuon ដើម្បីឱ្យជំនាន់ក្រោយចូលរួមគ្រប់គ្រងអាជីវកម្មស្នូលផ្នែកបច្ចេកវិទ្យា និងយានយន្តអគ្គិសនី។
បច្ចុប្បន្ន VinFast កំពុងស្ថិតក្នុងដំណាក់កាលប្រឈមមុខនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុដោយសារការចំណាយលើការវិនិយោគពង្រីកទីផ្សារក្រៅប្រទេសយ៉ាងគំហុក។ ការប្រគល់ភារកិច្ចជូនកូនប្រុសទាំងពីរនាក់ ត្រូវបានរំពឹងថានឹងនាំមកនូវថាមពល និងគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការសម្របសម្រួលរវាងសង្វាក់ផលិតកម្មរថយន្ត VinFast និងបណ្តាញតាក់ស៊ីអគ្គិសនី Green SM ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាពលើឆាកអន្តរជាតិ។
ប្រែសម្រួល៖ គីរិ
