Feature

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ !

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១៤​ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធ ភូមិភាគទី៤ បានប្រារព្ធពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា ថៃ ដែលបច្ចុប្បន្ននេះ គីយោធាថៃ នៅតែរំលោភលើសេចក្ដី ប្រកាសរួម ស្តីពីបទឈប់បាញ់ជាបន្តបន្ទាប់ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លេណដ្ឋាន រាយបន្លាលួសនៅចំណុចមួយចំនួន រំលោភលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ក្រោយពេលបទឈប់បាញ់ចូលជាធរមានរួចហើយ ។  កម្ពុជាបានខិតខំអត់ធ្មត់ ដោយគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ  ។​ ហើយ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បង្ហាញ​ភស្តុតាង​ការ​ពិត​ជាក់​ស្ដែង​ អំពី​សកម្មភាព​ឈ្លានពាន​រំលោភ​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់​ និងផែនការបាញ់កំទេចប្រាសាទ​ព្រះ​វិហារ​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​ និង​បាញ់​កំទេចបណ្ដា​ប្រាសាទ​បូរាណ​មួយ​ចំនួន​ទៀត​ ដែល​ជារបស់កម្ពុជា​ ស្ថិត​នៅ​ក្នុង​ដែន​បូរណភាពទឹកដី​នៃព្រះរាជាណាចក្រកម្ពុជា​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពង្រឹងតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នឹងបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់យោធិនគ្រប់រូប មានជាអាទិ​  ទី​១​ យោធិនគ្របរូបត្រូវតែ​ស្មោះ​ត្រង់​ដាច់ខាត​ចំពោះ​ជាតិ​ សាសនា​និង​ព្រះ​មហាក្សត្រ​ ដោយ​ត្រូវ​ហ៊ាន​ធ្វើ​ពលកម្ម​គ្រប់​យ៉ាង​ ដើម្បី​ការ​ពារ​បូរណភាពទឹកដី​ និង​ដើម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ។ ទី​២​ ត្រូវ​យកចិត្តទុកដាក់​គោរព​តាម​បទ​បញ្ជា​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ ក្នុង​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ ព្រមទាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ក្នុង​ការ​ចូល​រួម​​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ ដេីម្បី​ប្រជាជន​កម្ពុជា​ និង​សង្គម​ជាតិ​យើង​ទាំង​មូល​ ។ ក្នុង​នោះ ​ត្រូវការពារឱ្យ​បាន​ មិនឱ្យ​មាន​ការកាប់​ទន្ទ្រាន​ព្រៃ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​បានឡើយ​ ។ ទី៣ ត្រូវបន្តហ្វឹកហ្វឺនរៀនសូត្រ បំប៉នលំហាត់របៀប យុទ្ធវិធី បច្ចេកទេស ជូនដល់យោធិនក្រោមឱវាទ ដើម្បីកាយសម្បទារឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ។ ជា​មួយ​នេះ​ដែរ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ ដែល​កំពុងតែ​កេីតមានឡេីងថ្មី​ ក្នុង​ពេល​ដែល​ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ដែលកំពុង​ឡើង​ចេញ​ពី​តំបន់​បឹង​ទន្លេ​សាប​ ចូល​ព្រៃ​រនាម​ ដែល​បច្ចុប្បន្ន​ក្រុម​ជនល្មើស​បាន​ប្រេីប្រាស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ នៅ​បណ្ដា​តំបន់​មួយ​ចំនួន​  ពិសេស​នៅ​តំបន់​ព្រំប្រទល់​ ស្រុក​ស្ទោង​ ខេត្ត​កំពង់​ធំ​ និង​ព្រំប្រទល់​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ ដូច្នេះ​កម្លាំង​ដែល​មាន​ភារកិច្ច​ ត្រូវ​តែ​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ទាំង​នេះ​ឲ្យ​បាន​ជាដាច់ខាត​ ដេីម្បី​ឲ្យ​ធនធាន​មច្ឆា​ជាតិ​ របស់​យេីង​បាន​សំបូរ​ឡើង​វិញ​ ៕ដោយសំនៀង

To Top