រដ្ឋមន្រ្តីការបរទេសខ្មែរ សង្ឃឹមថា ថៃចូលរួមដោយស្មោះ ក្នុងដំណើរការផ្សះផ្សា ក្នុងស្មារតីស្ថាបនា
ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលជាភ្នាក់ងារតំណាង ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ប្រទេសថៃ ចូលរួមដោយស្មោះ ក្នុងដំណើរការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងស្មារតីស្ថាបនា ។
ក្នុងកិច្ចប្រជុំរួមបើកចំហរ លើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលជាភ្នាក់ងារតំណាងកម្ពុជា បានលើកឡើងថា កម្ពុជាបានជ្រើសរើសយកជម្រើសនេះ ដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់អន្តរជាតិ ។ កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជាមធ្យោបាយមួយ សម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាព តានតឹងនោះឡើយ។
លោកបន្តថា កម្ពុជាសង្ឃឹមដោយស្មោះថា ប្រទេសថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រដមន្រ្តីការបរទេសបន្ថែមថា សកម្មភាពបែបនេះ នឹងសម្រួលឱ្យប្រជាជន ភៀសសឹកជាង២ម៉ឺននាក់ អាចវិលត្រឡប់ទៅលំនៅដ្ឋាន របស់ខ្លួនវិញ ការអភិរក្សទីតាំងវប្បធម៌ សំខាន់ៗ ដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នា ហើយនឹងត្រួសត្រាយផ្លូវឆ្ពោះ ទៅរកប្រក្រតីនៃភាព ទំនាក់ទំនងទ្វេភាគី ។ កិច្ចប្រឹងប្រែងបែបនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាព តានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ។
លោកប្រាក់ សុខុន សង្កត់ធ្ងន់ថា ការស្តារសន្តិភាព និងស្ថិរភាព រវាងកម្ពុជានិងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង៕
