Feature

បញ្ចប់ការរង់ចាំយូរឆ្នាំ ពលរដ្ឋជាង ៣ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

បន្ទាយមានជ័យ៖ ក្រោមម្លប់សន្តិភាព និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ភូមិបាល សមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ ពេលនេះប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ធានាបានក្ដីសុខផ្លូវចិត្ត តាមរយៈការទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលជាខែលការពារយ៉ាងរឹងមាំ ក្នុងការបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃ ទប់ស្កាត់ការរំលោភបំពាន ដែលអាចប្រឈមនឹងទណ្ឌកម្មផ្លូវច្បាប់ និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិ។

ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុសរុបជិត ៣១,០០០បណ្ណនេះ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាការឆ្លើយតប លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបង្ហាញការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំទាំងពីរ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន និងបានប្តេជ្ញាចិត្ត បន្តពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់គុណភាព សេវាសាធារណៈ ជូនពលរដ្ឋឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទ៖ ប៊ុន សំណាង / ដើមអម្ពិល

To Top