នាវាដឹកប្រេងខ្នាតយក្ស មួយគ្រឿង ត្រូវផ្ទុះឆេះក្រោយបុកចំមីនសមុទ្រ នៅពេលព្យាយាម ឆ្លងកាត់ផ្លូវហាមឃាត់ក្នុង ច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស តាមរយៈផ្លូវ “ហាមឃាត់” នៅភាគខាងត្បូងនៃផ្លូវទឹកនោះ បានផ្ទុះ និងឆេះឡើង បន្ទាប់ពីបានបុកចំមីនសមុទ្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយ លើបណ្តាញព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹកបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងអគ្គិភ័យនៅលើនាវាដែលមានឈ្មោះថា “EL GAIA” នោះមិនទទួលបានលទ្ធផលឡើយ ហើយនាវាទាំងមូលត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
ស្ថាប័ននេះបានបន្ថែមថា ការព្រមាននានាត្រូវបានធ្វើឡើង រួចហើយអំពីហានិភ័យនៃការប្រើប្រាស់ផ្លូវ “ខុសច្បាប់” នៅក្នុងផ្លូវទឹកដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ ដោយសង្កត់ធ្ងន់ថា ច្រកសមុទ្រនេះនៅតែបិទ និងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់។
នៅថ្ងៃដដែល អាជ្ញាធរច្រកសមុទ្រ Persian Gulf (PGSA) របស់អ៊ីរ៉ង់ ដែលជាស្ថាប័នទទួលខុស ត្រូវលើចរាចរណ៍ផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រហ័រមូស បានព្រមានក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នវាយតម្លៃគុណភាពនាវា កុំឱ្យផ្តល់សេវាកម្មដល់នាវាដែលមានឈ្មោះក្នុងបញ្ជីនាវា “ល្មើសច្បាប់” ដែលបានធ្វើបច្ចុប្បន្នភាពថ្មីរបស់ខ្លួន។
នៅក្នុងការបង្ហោះលើគណនីរបស់ខ្លួននៅលើបណ្តាញសង្គម X អាជ្ញាធរ PGSA បានបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រង ក្លឹបធានារ៉ាប់រងការការពារ និងសំណង (P&I) និង ស្ថាប័នវាយតម្លៃគុណភាពនាវា “ត្រូវបានព្រមានឱ្យជៀស វាងការផ្តល់សេវាកម្មដល់នាវា ទាំងនេះ ដើម្បីចៀសវាងផលវិបាកនានា ដែលអាចកើតឡើងពីការ ធ្វើប្រតិបត្តិការជាមួយនាវាទាំងនោះ”៕
ប្រែសម្រួល ឈូក បូរ៉ា
