ព័ត៌មានអន្តរជាតិ

អាជីវកម្មអាល្លឺម៉ង់ ព្យាយាមសម្របខ្លួន ទៅនឹងសម្ពាធពីប្រទេសចិន

បរទេស៖ ក្រុមហ៊ុនផលិតរបស់អាល្លឺម៉ង់ កំពុងប្រឈមមុខនឹងការប្រកួតប្រជែង ពីគូប្រជែងចិននៅក្នុងវិស័យជំនាញរបស់ខ្លួន ដែលបង្ខំឱ្យពួកគេត្រូវធ្វើការសម្របខ្លួន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច អាល្លឺម៉ង់គឺការផលិត និងការនាំចេញផលិតផលដែលមានភាពស្មុគស្មាញ និងមានតម្លៃខ្ពស់ ដែលមានសារៈសំខាន់សម្រាប់អាជីវកម្មសកល ចាប់ពីរថយន្ត និងក្បាលរថភ្លើង រហូតដល់គ្រឿងចក្ររោងចក្រ យន្តហោះ និងឧបករណ៍សំណង់។ ទោះជាយ៉ាងណាក៏ដោយ គំរូកំណើននេះកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីគូប្រជែងថ្មីមួយ ដែលមានផលិតផលនាំចេញមានគុណភាពប្រហាក់ប្រហែល ឬស្មើនឹងទំនិញអាល្លឺម៉ង់ ប៉ុន្តែមានតម្លៃទាបជាងច្រើន នោះគឺប្រទេសចិន។

អ្វីដែលអ្នកសេដ្ឋកិច្ចហៅថា “ការភ្ញាក់ផ្អើល ពីប្រទេសចិន” ត្រូវបានចាត់ទុកថា ជាមូលហេតុចម្បងមួយនៃភាព ជាប់គាំងផ្នែកសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩មក។ កាលពីមុន អាជីវកម្មអាល្លឺម៉ង់ធ្លាប់ទទួលបានប្រាក់ចំណេញយ៉ាង ច្រើនពីការលក់ទៅកាន់ប្រទេសចិន ប៉ុន្តែស្ថានភាពបច្ចុប្បន្នបាន ប្រែប្រួលផ្ទុយស្រឡះ។

ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិងកំពុងគាំទ្រអាជីវកម្មនៅក្នុងវិស័យសំខាន់ៗ ដែលជាវិស័យដែលអាល្លឺម៉ង់ធ្លាប់មានឧត្តមភាពខ្លាំងផងដែរ។ ដោយសារទីផ្សារក្នុងស្រុកមិនអាចស្រូបយកផលិតផលទាំងអស់នេះបាន ប្រទេសចិនកំពុងងាកមកផ្តោតលើការនាំចេញវិញ។

អាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុបមួយនេះបានធ្លាក់ចុះទាំងក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ហើយមានកំណើនត្រឹមតែ ០,២% ប៉ុណ្ណោះកាលពីឆ្នាំមុន។ ទោះបីជាអត្រាអ្នកអត់ការងារធ្វើមានកម្រិត ៤% ដែលទាបជាងមធ្យមភាគ របស់សហភាពអឺរ៉ុប (EU) ក៏ដោយ ក៏ថ្មីៗនេះអាល្លឺម៉ង់បានជួបប្រទះ នឹងការកាត់បន្ថយការងារជាបន្តបន្ទាប់នៅតាមក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Volkswagen, BMW និង Bosch។ លើសពីនេះ អត្រាអតិផរណាបានកើនឡើងលឿន ជាងប្រាក់ឈ្នួលចាប់តាំង ពីមានការរាតត្បាតនៃជំងឺមក ដែលមានន័យថាប្រាក់ឈ្នួលពិតប្រាកដ ទើបតែត្រឡប់មកកម្រិតនៃឆ្នាំ ២០១៩ វិញនៅឆ្នាំមុនប៉ុណ្ណោះ។
ប្រែសម្រួលៈ ណៃ តុលា

To Top