ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់សហរដ្ឋអាមេរិក បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងប្រទេសវៀតណាម

បរទេស៖ យោងតាមឯកសារចុះបញ្ជីអាជីវកម្មដែលទើបចេញផ្សាយថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់សហរដ្ឋអាមេរិក បានបង្កើតក្រុមហ៊ុន បុត្រសម្ព័ន្ធមួយនៅក្នុងប្រទេសវៀតណាម ដែលនេះជាការបង្ហាញពីការចូលខ្លួន ជាផ្លូវការរបស់ខ្លួនទៅក្នុងទីផ្សាររថយន្តអគ្គិសនីមួយក្នុងចំណោមទីផ្សារ ដែលមានកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមឯកសារដែលទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានពិនិត្យមើល គឺថា ក្រុមហ៊ុនថ្មីនេះដែលមានឈ្មោះថា Tesla Motors Vietnam Limited Liability Company ត្រូវបានចុះបញ្ជីនៅទីក្រុងហូជីមិញ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ៧៧,៦៦៧ ពាន់លានដុង (ស្មើនឹង ៣ លានដុល្លារអាមេរិក)។

ក្រុមហ៊ុនថ្មីនេះ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ១១ ខែកញ្ញា មានសិទ្ធិអនុញ្ញាតឱ្យធ្វើអាជីវកម្មលក់ដុំ និងលក់រាយរថយន្ត គ្រឿងបន្លាស់រថយន្ត គ្រឿងចក្រ និងឧបករណ៍នានា ព្រមទាំងសកម្មភាពពាក់ព័ន្ធនឹងការនាំចូល ការនាំចេញ និងការចែកចាយ។

ឯកសារចុះបញ្ជីបានបង្ហាញឈ្មោះលោក David Jon Feinstein ដែលជាពលរដ្ឋអាមេរិកមានអាសយដ្ឋាននៅទីក្រុង Austin រដ្ឋ Texas ថាជាប្រធានក្រុមហ៊ុន។ ចំណែកឈ្មោះ Isabel Ching Fan ត្រូវបានចុះបញ្ជីជាអគ្គនាយក ហើយលោក Nguyen Manh Hung បម្រើការជាជំនួយការអគ្គនាយក។

ប្រែសម្រួលៈ ណៃ តុលា

To Top