ម៉ិកស៊ិក បដិសេធមិនទទួល យកការជ្រៀតជ្រែក ពីបរទេសក្នុងកិច្ចការផ្ទៃក្នុង របស់ខ្លួននោះឡើយ
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលរបស់លោកស្រីនឹង មិនអនុញ្ញាតឱ្យមានការអន្តរាគមន៍ ឬការជ្រៀតជ្រែកពីបរទេស នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសឡើយ ដោយលោកស្រី បានលើកឡើងថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ត្រូវតែផ្អែកលើកិច្ចសហប្រតិបត្តិការ ដោយគ្មានការស្ថិតនៅក្រោមឥទ្ធិពល ឬការចុះចូលឡើយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី លោកស្រី Sheinbaum បានរិះគន់អ្នកដែលលោកស្រីថា គាំទ្រការអន្តរាគមន៍ពីបរទេស រួមទាំងវិស័យមួយចំនួននៅក្នុងសហរដ្ឋអាមេរិក និងក្រុមប្រឆាំងនៅក្នុងប្រទេសម៉ិកស៊ិកផងដែរ។
លោកស្រីបានបន្ដថា «យើងនឹងការពារជានិច្ចនូវគោលការណ៍ដែលថា មិនគួរមានការអន្តរាគមន៍ ឬការជ្រៀតជ្រែកឡើយ គឺមានតែការសម្របសម្រួលគ្នា និងគ្មានការចុះចូលប៉ុណ្ណោះ។ នោះនឹងក្លាយជាជំហររបស់យើងជានិច្ច ទាំងតាមគោលការណ៍ តាមប្រវត្តិសាស្ត្រ តាមជំនឿជាក់ និងដោយសារតែរដ្ឋធម្មនុញ្ញបានចែងដូច្នេះ»។
ដោយលើកឡើងពីការស្ទង់មតិមួយដែលបង្ហាញថា ៩១ភាគរយនៃអ្នកឆ្លើយតបបានប្រឆាំងនឹងការអន្តរាគមន៍ លោកស្រីបានបន្ថែមថា វាជារឿង «ចាំបាច់ណាស់ក្នុងការសួរថា តើអ្នកណាទទួលបានផល ប្រយោជន៍ពីការផ្សព្វផ្សាយគំនិតដែលថា ប្រជាជនម៉ិកស៊ិក គិតផ្ទុយពីនេះ» ដោយលោកស្រីបានចោទប្រកាន់វិស័យមួយចំនួនរបស់សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការស្តាំនិយមថា កំពុងស្វែងរកការអន្តរាគមន៍៕
ប្រែសម្រួល ឈូក បូរ៉ា
