Feature

រដ្ឋមន្ត្រីសុខាភិបាល ៖ ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងថា ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលកម្ពុជា-ជប៉ុន ក្នុងការចូលរួមជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសទទួលជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយលោក FURUKAWA TOSHIHARU នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្តែងការអរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលកម្ពុជា ទាំងមន្ទីរពេទ្យជាតិ និងខេត្ត ព្រមទាំងកោតសរសើរ កិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកសុខាភិបាល និងការបណ្តុះបណ្តាលបន្ត ដែលឆ្លើយតបយ៉ាងចំទិសដៅទៅនឹងសសរស្ដម្ភនៃផែនការយុទ្ធសាស្ត្រសុខាភិបាល (HSP4 2025-2034)។

លើសពីនេះ កម្ពុជាបានស្នើឱ្យជប៉ុនបន្តគាំទ្រលើការកាត់បន្ថយគម្លាតសេវាសុខាភិបាល ការប្រែក្លាយមន្ទីរពេទ្យតំបន់ជាមជ្ឈមណ្ឌលព្យាបាលកម្រិតខ្ពស់ និងការអភិវឌ្ឍប្រព័ន្ធសុខភាពឌីជីថល ដើមី្បឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ត្រឹមឆ្នាំ២០៣០។

ក្រសួងសុខាភិបាលបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តអនុវត្តរាល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនទាំងអស់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ៕

To Top