Feature

លោក ហួត ហាក់៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ ក្នុងការកែលម្អប្រព័ន្ធការងារ លើកកម្ពស់គុណភាព សេវាសាធារណៈ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើស្ថាប័នរដ្ឋ» ។

ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងឱកាសបបើកសិក្ខាសាលា ស្ដីពី «ការណែនាំ សវកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីសវនកម្ម ព្រមទាំងផ្ដល់នូវចំណេះដឹងជូនអង្គភាព ដែលជាសវនដ្ឋានទាំងអស់ នៃក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានីខេត្ត ដោយផ្តោតលើមូលដ្ឋានគ្រឹះ តួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីសវនកម្មផ្ទៃ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ លើការបង្កើន ភាពសន្សំសំចៃ ប្រសិទ្ធភាពនិងប្រសិទ្ធផល នៃការអនុវត្តកម្មវិធី ឬអនុលោមភាពនៃការអនុវត្តការងារ របស់អង្គភាពក្រោមឱវាទក្រសួងទេសចរណ៍។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានលើកឡើងថា ការងារសវនកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការដ្ឋានកែទម្រង់ រដ្ឋបាលសាធារណៈ និងតែងតែទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចតេជោ បានដាក់ចេញនូវអភិក្រមទាំង៥ គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានបន្ថែមថា មកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានស្នូល នៃយុទ្ធសាស្ត្រផ្តោតលើ ការកែទម្រង់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយអនុលោមតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ក្នុងនីតិកាលនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ ក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ដែលជាលិខិតូបករណ៍ដ៏សំខាន់មួយក្នុងការពង្រឹងប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព នៃមុខងារត្រួតពិនិត្យ សវនកម្ម និងអធិការកិច្ច និងទាមទារឱ្យមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមថា សវនកម្មសមិទ្ធកម្ម គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់វាស់វែងគុណភាពនៃការអនុវត្តការងារ ធានាថាធនធានសាធារណៈ ត្រូវបានប្រើប្រាស់ ប្រកបដោយភាពសន្សំសំចៃ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងរួមចំណែកពង្រឹង គណនេយ្យភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់បន្តប្រើប្រាស់ ចំណេះដឹង បទពិសោធ និងសមត្ថភាពដែលមានទៅបំពេញការងារ នៅអង្គភាពរបស់ខ្លួន ដោយឈរលើអភិក្រម “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ”, ឈរលើស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម, ព្រមជាមួយនឹងការប្រកាន់ខ្ជាប់នូវវិន័យ, មនសិការវិជ្ជាជីវៈ, ក្រមសីលធម៌ និងការគោរពអភិក្រមទាំង ៥ ឱ្យបានខ្ជាប់ខ្ជួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕

To Top