ព័ត៌មានជាតិ

សម្តេចធិបតី ៖ ពលរដ្ឋចូលព្យាបាលជំងឺ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកកើនឡើង៨០%

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមកទទួល សេវាសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកមានការកើនឡើងប្រមាណជា៨០% ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានដាក់ចេញទិស ដៅបម្រើសេវាសុខភាពនៅមូលដ្ឋានទាំង២៤ម៉ោងលើ២៤ ដើម្បីបម្រើសេវាសុខភាព ជូនពលរដ្ឋប្រកបដោយវិជ្ជាជីវៈដើម្បីបំពេញតម្រូវពួកគាត់។

សម្តេចធិបតីមានប្រសាសន៍បន្តថា ដូច្នេះការពង្រីកសេវាបម្រើសុខភាពគឺមានសារៈសំខាន់ ជាពិសេសដាក់គ្រូពេទ្យប្រចាំការជាប់ទាំង២៤ម៉ោង។

សម្តេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា “ខ្ញុំបានឆែកមើលនៅតាមមូលដ្ឋានគឺមានការសប្បាយចិត្ត ។ ឥឡូវកំណើននៃការប្រើប្រាស់មណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកដូចកើនឡើង៨០%។ ប្រជាពលរដ្ឋដែលប្រើ មានកំណើន ដោយសារមានពេទ្យគ្រប់បើក២៤ម៉ោង គុណភាពសេវា ថ្នាំសម្ភារៈ ក៏យើងបង្កើន” ។

សម្តេចធិបតីមានប្រសាសន៍បន្ថែមថា មណ្ឌលសុខភាពដែលមានលទ្ធភាពបើក២៤លើ២៤ម៉ោងនៅទូទាំងប្រទេសមានកំណើនរហូតទៅជាង៩៩% ឯណោះ ដែលនេះបានសបញ្ជាក់ពីវិស័យសុខាភិបាលកម្ពុជាមានលក្ខណៈល្អប្រសើរ ។
ជាមួយនឹងកំណើនពលរដ្ឋប្រើប្រាស់ សេវាសុខាភិបាលសាធារណៈនេះ សម្តេចធិបតីក្នុងឱកាសអញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នោះក៏បានចោទជាសំណួរ ទៅកាន់ប្រជាពលរដ្ឋចូលរួមផងដែរ ដោយពលរដ្ឋស្ទើរតែទាំងអស់បានលើកដៃ ចំពោះការចូលប្រើប្រាស់សេវាសុខាភិបាល សាធារណៈ ជាពិសេសពួកគាត់សប្បាយចិត្ត ចំពោះមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ស្រុកដែលបានបើកទ្វាស្វាគមន៍ពលរដ្ឋទាំង២៤ម៉ោង។

ជាមួយគ្នានេះ សម្ដេចធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រុមគ្រូពេទ្យត្រូវតែបន្តបំពេញតួនាទីរបស់ខ្លួនដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាធំ ៕

To Top