សម្តេចធិបតី ៖ ៣ឆ្នាំក្រោមការដឹកនាំ របស់សម្តេចផ្ទាល់ សម្រេចសមិទ្ធផលយ៉ាងច្រើន
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំមកនេះក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ បានសម្រេចសមិទ្ធផលជាច្រើន ដែលក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលត្រូវតែបង្ហាញសមិទ្ធផលដើម្បីឱ្យប្រជាពលរដ្ឋបានដឹងលឺគ្រប់ៗគ្នា ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំមកនេះក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ បានសម្រេចសមិទ្ធផលជាច្រើនវិស័យ ។ ជាមួយនឹងការសម្រេចនូវសមិទ្ធផល ជាបន្តបន្ទាប់នេះ សម្តេចធិបតីក៏បានឱ្យក្រសួងស្ថាប័នរបស់រដ្ឋ និងថ្នាក់ក្រោមជាតិត្រូវតែធ្វើរបាយការណ៍ បង្ហាញសមិទ្ធសម្រេចបានដើម្បីផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។
សម្តេចធិបតីបន្តថា ក្រសួងស្ថាប័នជាសេនាធិការរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងសស្រាក់សស្រាំក្នុងរយៈពេល៣ឆ្នាំមកនេះ ដើម្បីបម្រើសេវានានាទៅកាន់ពលរដ្ឋ។ ចំពោះករណីផ្សព្វផ្សាយសមិទ្ធផលនេះ សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា មិនមែនធ្វើឡើងមុនការបោះឆ្នោតនោះទេ ប៉ុន្តែគឺធ្វើឡើងជាប្រចាំ ។

សម្តេចធិបតីបញ្ជាក់ថា “ក្នុង៣ឆ្នាំនេះ គ្រប់វិស័យទាំងអស់យើងបានធ្វើច្រើន សូមឱ្យរដ្ឋមន្រ្តីទាំងអស់ អភិបាលខេត្តទាំងអស់ ធ្វើយ៉ាងណាផ្សព្វផ្សាយ ប្រមូមផ្តុំសង្ខេបមួយដាក់ចេញជារូបភាពដើម្បីឱ្យប្រជាជនបានយល់ ដើម្បីកុំឱ្យគេថា ៣ឆ្នាំស្ងាត់ជ្រាប អត់ស្ងាត់ទេ យើងធ្វើបានច្រើន”។
សម្តេចធិបតីបន្តទៀតថា ត្រូវតែផ្សព្វផ្សាយនូវសមិទ្ធផលនានាសម្រេចបានជាសាធារណៈនូវអ្វីដែលសម្រេចបាន និងមិនទាន់សម្រេចបាន និងអ្វីខ្លះដែលត្រូវកែលំអរឡើងវិញ ដើម្បីកុំឱ្យក្រុមជ្រុលនិយមនៅក្រៅប្រទេសចាំតែរិះគន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានធ្វើអ្វីសោះ៕
