រដ្ឋមន្ត្រីកសិកម្ម ដាក់ឱ្យដំណើរមធ្យោបាយ ដឹកជញ្ជូនផ្លូវទឹកថ្មី សម្រាប់នាំចេញអង្ករ ដោយផ្ទាល់ទៅកាន់ទីផ្សារហ្វីលីពីន
ព្រះសីហនុ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីសម្ពោធដ៏សំខាន់នៃ ការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ រវាងក្រុមហ៊ុន City Rice និង Dilai Trading ដើម្បីនាំចេញដោយផ្ទាល់ពីកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន។

ពិធីនេះគឺជាការចាប់ផ្តើមថ្មីមួយសម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែង របស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករ ដែលមានគុណភាពខ្ពស់ ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។
ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។

នេះគឺជាការកើនឡើងដ៏ធំ បើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយដែលរួមចំណែក ក្នុងការព្យាករណ៍ឆ្ពោះ ទៅកាន់ការនាំចេញច្រើនជាង ១ លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០ ៣២១ តោនកាលពីឆ្នាំ ២០២៥៕
