សមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ ផ្តួចផ្តើមនីតិវិធីចោទប្រកាន់ ដើម្បីដកលោក Pete Hegseth ចេញពីតំណែងជុំវិញ សង្គ្រាមជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ លោក Thomas Massie សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បានដាក់សំណើ ចោទប្រកាន់ជាផ្លូវការ ប្រឆាំងនឹងរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ និងការអនុវត្តតួនាទីរបស់លោក។
ថ្លែងនៅក្នុងសភាតំណាងរាស្ត្រ សមាជិកសភាមកពីរដ្ឋ Kentucky រូបនេះបានចោទប្រកាន់លោក Hegseth ពីបទ “ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការប្រព្រឹត្តខុសក្នុងតួនាទី” ដោយអះអាងថាលោកបានរំលោភលើសេចក្តីសម្រេចចិត្ត ស្តីពីអំណាចក្នុងពេលមានសង្គ្រាមឆ្នាំ ១៩៧៣ បានបំពានការណែនាំរបស់សភាឱ្យបញ្ចប់ ការចូលរួមរបស់យោធាអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ បានព្រងើយកន្តើយនឹងច្បាប់ដែលបង្កើតឡើង ដើម្បីកាត់បន្ថយការបាត់បង់ជីវិត ជនស៊ីវិល និងបានអនុញ្ញាត ឬត្រួតពិនិត្យការវាយប្រហារក្រៅ ប្រព័ន្ធតុលាការប្រឆាំងនឹងជនសង្ស័យថាជាអ្នកជួញដូរគ្រឿងញៀន។
លោក Massie ក៏បានចោទប្រកាន់លោក Hegseth ពីបទរំលោភអំណាចក្នុងតួនាទីរបស់លោកផងដែរ ដោយអះអាងថា លោកបានសងសឹកទៅលើអ្នករិះគន់រដ្ឋបាលរបស់លោក ត្រាំ ដែលបានប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលបច្ចុប្បន្នឈានចូលខែទី ៧ ហើយនោះ បានទទួលការមិនពេញចិត្តកាន់តែខ្លាំងឡើងពីសាធារណជនអាមេរិក ដែលបង្កើនសម្ពាធលើសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។
ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់ច្បាស់លាស់ នៅឡើយទេថា តើមានសមាជិកគណបក្ស សាធារណរដ្ឋប៉ុន្មាននាក់ទៀតនឹងចូលរួមជាមួយលោក Massie និងសមាជិកគណបក្សប្រជាធិបតេយ្យ ក្នុងការគាំទ្រសំណើចោទប្រកាន់ដកតំណែងនេះ ។
ចំណាត់ការនេះបានកើតឡើងនៅថ្ងៃតែមួយ ដែលសារព័ត៌មាន The Hill បានរាយការណ៍ថា ក្រសួងសង្គ្រាមអាមេរិក បានជូនដំណឹងដល់សភាកាលពីខែមុនថា ការចំណាយលើសង្គ្រាមអ៊ីរ៉ង់ បានកើនឡើងលើសពី ៤២ ពាន់លានដុល្លារ ដែលកើនឡើង ៤,៥ ពាន់លានដុល្លារពីការប៉ាន់ ប្រមាណជាសាធារណៈពីមុនរបស់ក្រសួង៕
ប្រែសម្រួល ឈូក បូរ៉ា
