ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគី ពាក់ព័ន្ធបង្កើនល្បឿន ក្នុងការចូលរួមអភិវឌ្ឍន៍ កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅ ថាមពលស្អាតឆ្នាំ២០៣០
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាត ដែលត្រៀមខ្លួនសម្រាប់អនាគត នៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឧស្សាហកម្ម ស្ថាប័នបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍ មានគោលបំណងពិភាក្សាអំពីតម្រូវការកម្លាំងពលកម្មក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល និងយានយន្តអគ្គិសនី ចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ក្នុងការកាត់បន្ថយគម្លាតជំនាញ ព្រមទាំងលើកកម្ពស់ការត្រៀមកម្លាំងពលកម្មស្របតាមតម្រូវការវិវត្តនៃវិស័យថាមពលស្អាត។

ថ្លែងទៅកាន់អង្គសន្និសីទដែលជាផ្នែកមួយនៃសប្តាហ៍ថាមពលស្អាត (Clean Energy Week) និងរៀបចំដោយ EnergyLab Asia ក្រោមការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី និងទីភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា កំពុងជំរុញការប្រែប្រួលយ៉ាងសំខាន់ ក្នុងវិស័យបច្ចេកវិទ្យា ជំនាញ និង ទីផ្សារការងារ ព្រមទាំងបង្កើតឱកាសដ៏ធំធេងសម្រាប់យុវជន ហើយវេទិកាដ៏សំខាន់នេះ ជាកម្លាំងជំរុញបន្ថែម ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលឱ្យកាន់តែបៃតង និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពេលនេះ ដើម្បីសម្រេចគោលដៅអនាគត។ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការផ្លាស់ប្តូរនេះ កម្ពុជាកំពុងខិតខំអភិវឌ្ឍអ្នកបច្ចេកទេសស្រប តាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងធានាឱ្យស្ថាប័នបណ្តុះបណ្តាល អាចវិវត្តទាន់នឹងនវានុវត្តន៍បច្ចេកវិទ្យា គុណវុឌ្ឍិឆ្លើយតប នឹងតម្រូវការនិយោជក និងអ្នកសិក្សាទទួលបានបទពិសោធ អនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់ ផលិតភាព សន្តិសុខថាមពល និងសមត្ថភាពប្រកួតប្រជែង របស់កម្ពុជា នៅលើឆាកអន្តរជាតិ។

លោកគូសបញ្ជាក់ថា ការសម្រេចបាននូវការងារបៃតង ផលិតផលបៃតង និងសេវាកម្មបៃតង មិនមែនជាកិច្ចការដែលធ្វើឡើង ដោយស្ថាប័នតែមួយនោះទេ ប៉ុន្តែត្រូវការកិច្ចខិតខំរួម ជំរុញវិនិយោគលើមូលធនមនុស្ស។ ថ្មីៗនេះក្រសួងបានធ្វើទំនើបកម្មប្រព័ន្ធ TVET ក្នុងវិស័យយានយន្ត តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយវិទ្យាស្ថាន BKI នៃប្រទេសអូស្ត្រាលី និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ ការប្រើប្រាស់ថាមពលបៃតង។

នាឱកាសនោះដែរ លោក គី សុខគីម នាយកប្រតិបត្តិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានលើកឡើងពីតួនាទីដ៏សំខាន់នៃ SDF ក្នុងការផ្សារភ្ជាប់តម្រូវការជំនាញ នៃឧស្សាហកម្មជាមួយការផ្គត់ផ្គង់ ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការ ការពង្រឹងសមត្ថភាពគ្រូបណ្តុះបណ្តាល ការលើកកម្ពស់ភាពជាម្ចាស់នៃវិស័យឧស្សាហកម្ម និងការគាំទ្រការអនុវត្តការងារនៅកន្លែងធ្វើការ និងការបញ្ជាក់វិញ្ញាបនបត្រ។

ជាមួយគ្នានេះ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាលើកឡើងថា ខណៈដែលមានមហិច្ឆតាផ្លាស់ប្តូរទៅរកថាមពលស្អាត កម្ពុជាកំពុងទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា ថាមពលព្រះអាទិត្យ ប្រសិទ្ធភាពថាមពល និងយានយន្តអគ្គិសនី។ ទោះយ៉ាងណា ការផ្លាស់ប្តូរថាមពលស្អាតមិនអាចពឹងផ្អែក តែលើបច្ចេកវិទ្យាបានទេ ប៉ុន្តែត្រូវការកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងចំណេះដឹងសមស្រប។ ក្នុងន័យនេះ អូស្ត្រាលីបន្តគាំទ្រកម្ពុជាតាមរយៈការអភិវឌ្ឍប្រព័ន្ធ TVET និងកិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលកំពុងផ្លាស់ប្តូរ។
លោកស្រី សារឿន លក្ខិណា នាយកប្រចាំប្រទេសនៃទីភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ បានលើកឡើងថា សន្និសីទនេះមិនមែនគ្រាន់ តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមសម្រាប់កិច្ច សហការប្រកបដោយនិរន្តរភាព ដែល LED នឹងបន្តសម្រាប់កិច្ចសន្ទនា ការសម្របសម្រួល និងការអនុវត្តជាក់ស្តែង ដើម្បីកំណត់គម្លាតជំនាញ និងពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្ម ការបណ្តុះបណ្តាល និងការទទួលបានឱកាសការងារថ្មីៗ ដែលកើតចេញពីវិស័យថាមពលស្អាត។ លោកស្រីបន្តថា ការវិនិយោគលើជំនាញពិតជាសំខាន់ សម្រាប់ការផ្លាស់ប្តូរនេះ ដែលទាមទារឱ្យមានកិច្ចសហការ យ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ៕






