Feature

ជាង ៣ឆ្នាំ គ្រោះអគ្គិភ័យ នៅទូទាំងប្រទេសកើតឡើង ជាង ៣ពាន់ករណី

ភ្នំពេញ ៖ ក្នុងរយៈពេលជាង ៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ ហេតុការណ៍អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងសរុប ៣.១០៣លើក។ ក្នុងនោះ កម្លាំងជំនាញនៃក្រសួងមហាផ្ទៃបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យឆេះ រាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរបានចំនួន ២.០៩៣លើក ខណៈ ១.០១០លើកទៀត ត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមពន្លត់អគ្គិភ័យ សហការជាមួយប្រជាពលរដ្ឋរួមគ្នា ពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា ។

ថ្លែងក្នុងវីដេអូសង្ខេបព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រៅពីការងារចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ ក្នុងរយៈពេលជិត២ឆ្នាំ ពីឆ្នាំ២០២៤ រហូតដល់ ឆមាសទី១ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានបង្វឹកជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ព្រមទាំងចេញវិញ្ញាបនបត្រដល់ក្រុមបង្ការ ពន្លត់អគ្គិភ័យកាតព្វកិច្ចសរុប ១០.១៥៦នាក់ ស្មើនឹង ៧០១ក្រុម លើ ៣៤៥គោលដៅ។

ក្នុងរយៈពេលដូចគ្នានោះ សមត្ថកិច្ចជំនាញក៏បានចុះពិនិត្យបច្ចេកទេស និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យចំនួន ៥៥៣គោលដៅ ព្រមទាំងបានបន្តចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្ការ និងពន្លត់អគ្គិភ័យសរុប ៣.១០៨គោលដៅ។ បើតាម អ្នកនាំពាក្យ ក្រសួងមហាផ្ទៃតែងតែបន្តពង្រឹងសមត្ថភាពមន្ត្រី និងជំរុញការអប់រំលើកកម្ពស់ការប្រុងប្រយ័ត្ន ព្រមទាំងណែនាំអំពីវិធានការបង្ការ ទប់ស្កាត់ពន្លត់អគ្គិភ័យបឋមជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការងារគ្រប់គ្រងរដ្ឋបាលដែនដី ក្រសួងមហាផ្ទៃ មានអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសេនាធិការស្នូល លើការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ លើការងារអគ្គិភ័យ អគ្គស្នងការមាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យជាសេនាធិការ និងមានធនធានកម្លាំងនគរបាលជំនាញ និងរថយន្តពន្លត់អគ្គិភ័យ នៅគ្រប់ស្នងការ និងអធិការដ្ឋាន៕

To Top