Feature

អភិបាលក្រុងសិរីសោភ័ណ បើកកិច្ចប្រជុំបន្ទាន់ ជំរុញមន្ត្រីជំនាញពន្លឿន ការចុះបញ្ជីដីធ្លីសេសសល់ នៅសង្កាត់ព្រះពន្លា

បន្ទាយមានជ័យ ៖ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងដើម្បីធានាដល់ការការពារសិទ្ធិកាន់កាប់អចលនទ្រព្យស្របច្បាប់ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានកោះប្រជុំបន្ទាន់ចង្អៀតមួយ ជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលនៅសេសសល់ក្នុងសង្កាត់ព្រះពន្លាឱ្យឆាប់ទទួលបានជោគជ័យ។

កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលក្រុង ក្នុងការលុបបំបាត់រាល់ភាពយឺតយ៉ាវ និងដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា។ ជាមួយគ្នានេះ លោកអភិបាលក្រុង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រុមការងារចុះអន្តរាគមន៍ដល់មូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ តម្លាភាព ស្មោះត្រង់ និងយុត្តិធម៌។

សកម្មភាពនេះគឺជាការធានាការពារសិទ្ធិកាន់កាប់អចលនទ្រព្យស្របច្បាប់ ព្រមទាំងផ្តល់ជំនឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក្នុងការកសាងជីវភាពគ្រួសារប្រកបដោយសុវត្ថិភាពផ្លូវច្បាប់៕

អត្ថបទ: ប៊ុន សំណាង / Dap News

To Top