កម្ពុជាប្រាប់ UN ពីផលប៉ះពាល់ជនស៊ីវិល ជាង២ម៉ឺននាក់ មិនអាចទៅលំនៅឋាន
ភ្នំពេញ ៖ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) អំពីផលប៉ះពាល់ធំធេង នៃជម្លោះប្រដាប់អាវុធបង្កឡើង ដោយភាគីថៃ មកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារជាង២ម៉ឺននាក់ ដែលមិនទាន់អាចត្រឡប់ ទៅលំនៅឋានវិញបាននៅឡើយ ។

ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ឯកអគ្គរាជទូត កែ សុវណ្ណ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៣នៃកិច្ចសន្ទនាអន្តរកម្មស្តីពី របាយការណ៍វិភាគរបស់ឧត្តមស្នងការស្តីពី សិទ្ធិមនុស្សរបស់ស្ត្រី និងកុមារនៅក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។
ក្នុងបទអន្តរាគមន៍ ឯកអគ្គរាជទូតគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ ដែលបន្តភៀសខ្លួននៅឡើយ និងផ្ទៃដីកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់បែកចង្កោមថ្មី ដែលជាលទ្ធផលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកបានអំពាវឱ្យភាគីថៃគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស ដើម្បីការពារប្រជាជនស៊ីវិលពីឥទ្ធិពលនៃសង្គ្រាម។
ទន្ទឹមនេះ លោកទូត កែ សុវណ្ណ ក៏បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ប្រទេសថៃ និងបំភ្លឺពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្តើមនៃអំពើអរិភាព បញ្ហាមីន ការខូចខាតបេតិកភណ្ឌវប្បធម៌ ជាពិសេសប្រាសាទព្រះវិហារ របស់របាយការណ៍អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាសកម្មភាពខុសច្បាប់របស់កងទ័ពថៃ នៅលើទឹកដីកម្ពុជា ដែលស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់ ។
លោកក៏បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់កម្ពុជា ឱ្យមានការគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
