ព័ត៌មានអន្តរជាតិ

សម្ព័ន្ធយោធា ដឹកនាំដោយអារ៉ាប៊ីសាអូឌីតថា យន្តហោះគ្មានមនុស្សបើក របស់ក្រុមហ៊ូធីមួយគ្រឿង ត្រូវបានបំផ្លាញ នៅក្បែរទីក្រុងមេកា

បរទេស៖ អ្នកនាំពាក្យនៃសម្ព័ន្ធយោធា ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីតបានបំផ្លាញយន្តហោះគ្មានមនុស្សបើក (drone) របស់ក្រុមហ៊ូធី (Houthi) នៅភាគខាងត្បូងទីក្រុងមេកា (Mecca) មុនពេលវាចូលទៅក្នុងដែនអាកាសហាមឃាត់លើទីក្រុងដ៏ពិសិដ្ឋនេះ ខណៈដែលការប្រយុទ្ធគ្នាកំពុងរីករាលដាលនៅក្នុងតំបន់មជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Turki al-Malki ដែលជាអ្នកនាំពាក្យសម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើកដែលត្រូវបានស្ទាក់ចាប់កាលពីល្ងាចថ្ងៃអង្គារ គឺជាការប៉ុនប៉ងលើកទីពីរ របស់ក្រុមហ៊ូធីក្នុងការកំណត់គោលដៅវាយប្រហារលើទីក្រុងមេកា បន្ទាប់ពីការបាញ់ មីស៊ីលផ្លោងកាលពីខែកក្កដា ឆ្នាំ២០១៧ ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ ពីមានការវាយប្រហារ ជាបន្តបន្ទាប់ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដោយក្រុមហ៊ូធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលបានទាញអារ៉ាប៊ីសាអូឌីត ឱ្យចូលជ្រៅទៅក្នុងសង្គ្រាម។

ទីក្រុងមេកាគឺជាទីតាំងដ៏ពិសិដ្ឋបំផុតមួយនៅក្នុងសាសនាឥស្លាម និងជាចំណុចកណ្តាលនៃការធ្វើដំណើរធម្មយាត្រា Hajj ប្រចាំឆ្នាំ ហើយសន្តិសុខរបស់ទីក្រុងនេះគឺជា “ខ្សែបន្ទាត់ក្រហម” (បញ្ហាសំខាន់បំផុតដែលមិនអាចរំលោភបាន) នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យសម្ព័ន្ធយោធា លោក al-Malki នៅក្នុងសេចក្តីថ្លែងការណ៍។ យ៉ាងណាក៏ដោយ មន្ត្រីក្រុមហ៊ូធីបានបដិសេធថាពួកគេមិនបានកំណត់គោលដៅវាយប្រហារលើទីក្រុងមេកានោះទេ។

ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារថាមពលសកល ដែលកំពុងរងផលប៉ះពាល់ ដោយសារភាពតានតឹងរយៈពេល ៦ ខែ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានធ្វើឱ្យការដឹកជញ្ជូន តាមសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ធ្លាក់ចុះយ៉ាងខ្លាំង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមហ៊ូធីបានដណ្តើមការគ្រប់គ្រងលើតំបន់មួយចំនួននៃឆ្នេរសមុទ្រក្រហម (Red Sea) របស់ប្រទេសយេម៉ែន ដែលស្ថិតនៅជាប់ នឹងច្រកសមុទ្រ Bab el-Mandeb ដែលជាច្រកដឹកជញ្ជូន ដ៏សំខាន់បំផុតមួយរបស់ពិភពលោក ។ សកម្មភាពនេះបង្កការគំរាមកំហែង ដល់ការនាំចេញប្រេង របស់អារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្វែរផ្លូវចេញពីច្រកសមុទ្រ Hormuz។
ប្រែសម្រួលៈ ណៃ តុលា

To Top