សម្តេចធិបតី ៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត ជួយកាត់បន្ថយការនាំចូល ផលិតផលសម្រេចពីក្រៅ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត បានចូលរួមចំណែកជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេស ជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតីមានប្រសាសន៍ថា ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តក្នុងស្រុក មិនត្រឹមតែបង្កើតការងារ ដល់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទេរជំនាញ និងចំណេះដឹងទៅដល់ប្រជាពលរដ្ឋកម្ពុជាទៀតផងឱ្យក្លាយជាអ្នកប្រតិបត្តិ និងជាអ្នកបញ្ជាម៉ាស៊ីនដោយផ្ទាល់។
សម្តេចធិបតីបញ្ជាក់ថា “ការជំរុញ ការបង្កើតរោងចក្រផ្គុំ នៅកម្ពុជាទី១ ជួយកាត់បន្ថយការនាំចូល ផលិតផលសម្រេចពីក្រៅជំនួសមកវិញ នូវការផលិតផ្គុំក្នុងស្រុកដែលរក្សាបាន នូវរូបិយបរទេសនិងបង្កើនតម្លៃផ្ទាល់ក្នុងប្រទេស”។
ជាមួយនឹងការរោងចក្រផ្គុំ និងដំឡើងរថយន្តនេះ សម្តេចធិបតីក៏បានបង្ហាញពីមោទនភាពជាខ្លាំងផងដែរ ដែលកម្ពុជាកាលពីអតីតកាលអំឡុងឆ្នាំ១៩៩០ត្រឹមជាប្រទេសអ្នកនាំចូលនូវផលិតផលអ្វីៗទាំងអស់ សូម្បីតែទឹកក្រូចមួយកំប៉ុងក៏នាំចូល ប៉ុន្តែបច្ចុប្បន្នកម្ពុជាមានលទ្ធភាពរហូតដល់រោងចក្រផ្គុំ និងដំឡើងរថយន្ត និងផលិតទំនើបផ្សេងៗថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងអាចនាំចេញថែមទៀតផង ៕
