លោក ហេង រតនា ប្រាប់ប្រតិភូជប៉ុន ថា យុទ្ធភណ្ឌសង្គ្រាមរបស់ថៃ ឈ្លានពាន បង្កផលប៉ះពាល់ពលរដ្ឋខ្មែរជាង ៣៥ម៉ឺននាក់
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងប្រាប់គណៈប្រតិភូព្រឹទ្ធសភាជប៉ុន អំពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ពិសេសគ្រាប់បែកចង្កោម បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់។
ការលើកឡើងរបស់ លោក ហេង រតនា នាឱកាសទទួលបដិសណ្ឋារកិច្ច និងបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន ៣រូប គឺ លោក HIGASHINO Hideki លោកស្រី MIKAMI Eri និងលោកស្រី SHIRAKAWA Yoko សមាជិកព្រឹទ្ធសភា អមដោយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រធានJICA ប្រចាំកម្ពុជា និងសហការី។
ជំនួបនេះផ្តោតសំខាន់លើសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមីនរវាងកម្ពុជា-ជប៉ុន ជាពិសេសការអនុវត្តគម្រោង ជំនួយអន្តរជាតិជប៉ុនដែលបានផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC។
ជំនួបនេះ ក៏បានបង្ហាញពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងវិស័យសកម្មភាពមីន ដែលមិនត្រឹមតែរួមចំណែកក្នុងការកាត់បន្ថយការគំរាមកំហែងពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ការស្តារជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាផងដែរ។
ឆ្លៀតឱកាសនេះ លោកប្រតិភូ ក៏បានអំពាវនាវ និងសំណូមពរដល់ព្រឹទ្ធសភាជប៉ុន មេត្តាបន្តជួយផ្តល់ការលើកទឹកចិត្ត និងគាំទ្ររដ្ឋាភិបាលជប៉ុនឱ្យបន្តជួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យដោយរួមទាំងវិស័យមីនផងដែរ ប្រយោជន៍ដើម្បីជំរុញកម្ពុជាមានឱកាសសម្រេចបានមហិច្ឆិតារបស់ខ្លួន ក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ និងជួយឱ្យកម្ពុជាកាត់បន្ថយការគម្រាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមត្រឹម២០៣៥៕
