Feature

លោក ឃួន ផុនរតនៈ ៖ សន្ទុះនៃការគាំទ្រ ផលិតផលខ្មែរ នៅកូរ៉េកើនឡើង

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េលោក ឃួន ផុនរតនៈ បានលើកឡើងថា សន្ទុះនៃការគាំទ្រ ផលិតផលខ្មែរនៅកូរ៉េ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។

ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូអាជីវករកម្ពុជា ដឹកនាំដោយ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិត ចំណីអាហារកម្ពុជា ចូលជួបពិភាក្សាការងារ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល លោក ឃួន ផុនរតនៈ បានលើកឡើង អំពីស្ថានភាពប្រជាជន សេដ្ឋកិច្ច ស្ថានភាពកំណើន នៃទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ និងសន្ទុះនៃការគាំទ្រ ផលិតផលខ្មែរក្នុងប្រទេសកូរ៉េ ។

លោកបញ្ជាក់ថា រាល់គ្រប់មុខទំនិញរបស់កម្ពុជា មិនត្រឹមតែអាចបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបំពេញតម្រូវការរបស់ប្រជាជន នៃប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតផងដែរ។

សម្រាប់លោក មៀវ សុខទ្រី បានឱ្យដឹងដែរថា មកដល់សព្វថ្ងៃនេះ ផលិតផលម្ហូបអាហារ របស់កម្ពុជាបានចូលមក ទីផ្សារកូរ៉េ ប្រមាណ៣០មុខ និងមានផលិតផលជាច្រើនទៀត កំពុងដំណើរការពិនិត្យលទ្ធភាពក្នុងការនាំចូល ។

លោកសង្កត់ធ្ងន់ថា កំណើននៃផលិតផលកម្ពុជា នៅទីផ្សារកូរ៉េ គឺដោយសារតែសន្ទុះនៃស្មារតីជាតិនិយម របស់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ដោយធ្វើពហិការផលិតផលបរទេស និងងាកមកគាំទ្រផលិតកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងការនាំចូលផលិតផលកម្ពុជាមកទីផ្សារកូរ៉េ ដើម្បីឱ្យផលិតផលកម្ពុជា កាន់តែមានភាពសំបូរ បែបថែមទៀតលើទឹកដីកូរ៉េខាងត្បូងនេះ៕

To Top