ព័ត៌មានជាតិ

រាជធានីភ្នំពេញ នឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈ មានដើមឈើជាច្រើន នៅបឹងតាមោក

ភ្នំពេញ៖ យោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជធានីភ្នំពេញ នឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈ ដែលមានដើមឈើជាច្រើន នៅបឹងតាមោក លើផ្ទៃដី៧៥ហិកតា ដើម្បីផ្តល់ជាកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ បានហាត់ប្រាណ ដើរលេង កម្សាន្ត និងសម្រាកលំហែ ដោយគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ ការដាំដើមឈើ សម្រេចបាន៨០ភាគរយហើយ។

ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងពាក់ព័ន្ធនឹងសួនលំហែថ្មីនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីផលប្រយោជន៍ យើងបាននិងកំពុងរៀបចំជាសួនសាធារណៈ នៅបឹងតាមោក ដោយយើងបានដាំដើមឈើ បានយ៉ាងច្រើនដើម ជាមួយនិងចាក់ដី រាប់លានគុបរួចហើយ ទីតាំងសួនសាធារណៈ នៅបឹងតាមោក ក៏ត្រូវបានគេចង់ចែចូវច្រើនដែរ តែសម្តេច ថាមិនលក់ទេ ដោយទីតាំងនេះត្រូវទុកធ្វើជាសួនសាធារណៈ សំរាប់ប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត។

សម្តេចបន្តថា សួនសាធារណៈនៅបឹងតាមោកនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាំដើមឈើច្រើនហើយ ហើយបន្តិចទៀត នៅទីនោះនឹងរៀបចំជាកន្លែងបរិស្ថានសាធារណៈ ។ ដូច្នេះលំហរសាធារណៈ វានិងកាន់តែមានច្រើនសំរាប់អ្នកភ្នំពេញ។ បើយករូបមន្តដូចផ្លូវថ្មើជើងចតុមុខ ថ្ងៃក្រោយកុំឱ្យពិបាកជិះទៅឆ្ងាយ អ្នកដើរលេងកំសាន្តត្រូវចែកគ្នា ទៅលេងកីឡានៅទីនោះ ដើម្បីសុខភាព។

គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានលើកឡើង ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តផ្លូវការ ផែនការអភិវឌ្ឍន៌ទេសចរណ៍ រាជធានីភ្នំពេញ២០២៦ -២០៣០ កន្លងទៅថា ការបង្កើតឱ្យមានសួនលំហែមួយ នៅភាគខាងជើង ឈៀងខាងលិច ដែលមានផ្ទៃដី៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ បានដាំដើមឈើ សម្រេចបាន៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង ៣ហិចតា នៅភាគខាងលិច រាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយ ៕

To Top