Feature

រដ្ឋមន្រ្តីមហាផ្ទៃ ៖ ពលរដ្ឋ ជាផ្នែកដ៏សំខាន់ កាត់បន្ថយបទល្មើស និងភាពអសកម្មក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា មានប្រសាសន៍ថា ការចូលរួមសហការយ៉ាងសកម្ម ពីសំណាក់ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរដែនដី ជាកាតាលីករ និងជាចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយរាល់បទល្មើស និងភាពអសកម្មផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋាន និងសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ការលើកឡើងរបស់លោក ស សុខា នេះ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដុតបំផ្លាញចោលបារីក្លែងម៉ាក ជាង៨០០តោន និងសម្ភារៈបទល្មើសផ្សេងៗទៀត ដែលកម្លាំងសមត្ថកិច្ចជំនាញស្រាវ ជ្រាវ និងបង្ក្រាបបានក្នុងខេត្តតាកែវ នាពេលកន្លងមក។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា បេសកកម្មរក្សាសន្តិសុខ សុវត្ថិភាព និងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ មិនមែនជាភារកិច្ចផ្តាច់មុខ របស់អាជ្ញាធរ ឬសមត្ថកិច្ចតែម្នាក់ឯងនោះឡើយ។ កិច្ចការនេះ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋផ្ទាល់តែម្តង ព្រោះរាល់សកម្មភាពបទល្មើសទាំងឡាយ តែងតែបង្កើតឡើងនៅក្នុងមូលដ្ឋាន។

 
រដ្ឋមន្រ្តីបន្តថា ដូច្នេះ ប្រជាពលរដ្ឋគឺជាស្ពានចម្លងព័ត៌មានដ៏សំខាន់ ដែលអាចមើលឃើញ នូវរាល់បាតុភូតមិនប្រក្រតី និងរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ចបានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ហេតុការណ៍ ដែលនេះជាសក្ខីភាពនៃការចូលរួម មិនអាចខ្វះបានក្នុងសង្គម ។

ជាមួយគ្នានេះដែរ លោក ស សុខា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹង ប្រែងរុញច្រានការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” យ៉ាងសកម្ម និងទទួលបានលទ្ធផលជាផ្លែផ្កា។ ជាក់ស្តែង ការដកហូត និងដុតបំផ្លាញចោលនូវបារីក្លែងម៉ាកជាង ៨០០ តោន រួមទាំងវត្ថុតាងផ្សេងៗនាពេលនេះ គឺជាសកម្មភាពរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសង្គមផងដែរ ៕

To Top