ក្រសួងរៀបចំដែនដី និង រដ្ឋបាលខេត្តបន្ទាយមានជ័យ កំណត់ផែនទីព្រំប្រទល់ឃុំ-សង្កាត់ បញ្ចប់ភាពស្រពិចស្រពិល និងពង្រឹងសេវាសាធារណ:
បន្ទាយមានជ័យ៖ បិទបញ្ចប់ភាពស្រពិចស្រពិលនៃដែនសមត្ថកិច្ចរដ្ឋបាល គឺជាគន្លឹះដោះស្រាយឫសគល់ នៃបញ្ហាដែលបង្ករការរាំងស្ទះ ដល់ការអភិវឌ្ឍនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះហត្ថលេខាលើផែនទី កំណត់ព្រំប្រទល់ឃុំ-សង្កាត់ ក្រោមអធិបតីភាព លោក ឡោ ដាវុធ រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ការកំណត់ផែនទីតាមស្តង់ដារបច្ចេកទេសទំនើបនេះ គឺជាការបង្កើតឯកសារគតិយុត្តិដ៏មុតស្រួច ដើម្បីលុបបំបាត់ចន្លោះប្រហោង និងការយល់ច្រឡំលើដែនដីឃុំ-សង្កាត់បន្តទៀត។ យន្តការនេះបានផ្តល់ឱ្យអាជ្ញាធរនូវខ្នងបង្អែកផ្លូវច្បាប់យ៉ាងរឹងមាំ ក្នុងការគេចផុតពីហានិភ័យ និងទប់ស្កាត់ជម្លោះដែនដីគ្រប់ទម្រង់។

ជាលទ្ធផល ភាពច្បាស់លាស់ នៃព្រំប្រទល់រដ្ឋបាលនេះ គឺជាមូលដ្ឋានគ្រឹះដ៏មានឥទ្ធិពលក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ ប្រជាពលរដ្ឋពីការរំលោភបំពាន ការបង្ករហិង្សា ឬការកេងប្រវ័ញ្ចផ្សេងៗ ។ សមិទ្ធផលនេះមិនត្រឹមតែធានា ការផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋានឱ្យឈានឡើង ក្រោមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងពិតប្រាកដ៕











អត្ថបទ: ប៊ុន សំណាង / Dap News
