ក្រសួងបរិស្ថាន និងក្រសួងធម្មការ ប្រគេនធុងសំរាម ៧៦៥ធុង ដល់វត្ត ២៥៥ នៅបន្ទាយមានជ័យ ដើម្បីឧត្តមប្រយោជន៍សង្គម
បន្ទាយមានជ័យ ៖ ក្នុងបេសកកម្មប្ដូរឥរិយាបថសង្គមឱ្យស៊ីជម្រៅដល់ឫសគល់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រគេនអំណោយធុងសំរាមចំនួន ៧៦៥ធុង ដល់វត្តអារាមចំនួន ២៥៥ ទូទាំងខេត្ត ដោយក្នុងមួយវត្តទទួលបាន ៣ធុង សម្រាប់បែងចែកដាក់សំរាមស្ងួត នៅសាលាពុទ្ធិកវិទ្យាល័យ សម្តេចជា ស៊ីម ក្នុងគោលដៅបង្កើតទម្លាប់ រស់នៅស្អាតចេញពីទីអារាមឆ្ពោះទៅសហគមន៍។

ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យ លោក បៀវ ថាន បានថ្លែងថា ការពង្រឹងរបៀបរៀបរយនេះ ធ្វើឡើងចំពេលកាកសំណល់ កើនឡើងក្នុងរដូវបុណ្យទាន ដែលជាក្ដីបារម្ភចម្បងនៃសុខភាពសាធារណៈ។ យោងតាមក្បួនខ្នាតវិទ្យាសាស្ត្រ ការគ្រប់គ្រងសំរាមមិនបានល្អ គឺជាប្រភពបង្កាត់ពូជមេរោគ បំផ្លាញបរិស្ថាន និងសុខភាពមនុស្ស ខណៈការទុកដាក់តាមប្រព័ន្ធត្រឹមត្រូវ គឺជាខែលការពារសុខុមាលភាព សង្គមយ៉ាងមានប្រសិទ្ធភាព ។

ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ បានមានថេរដីកាគាំទ្រយ៉ាងពេញទំហឹង និងលើកឡើងថា ការចូលរួមរបស់ព្រះសង្ឃក្នុងកិច្ចការអនាម័យនេះ មិនត្រឹមតែបំពេញតាមអភិក្រមសសស និងសេចក្តីណែនាំរបស់គណៈសង្ឃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូអប់រំដ៏មានឥទ្ធិពលដល់ពុទ្ធបរិស័ទឱ្យចេះស្រឡាញ់បរិស្ថាន ដើម្បីធានាបាននូវសោភ័ណភាព សុខុមាលភាព និងខ្យល់អាកាសបរិសុទ្ធក្នុងសហគមន៍ជាតិទាំងមូល៕






អត្ថបទ: ប៊ុន សំណាង / Dap News
