Feature

ទឹកអូរព្រំដែនកម្ពុជា-ថៃ ហក់ឡើងខ្លាំង លោក ប៉ាន់ខែម ប៊ុនថន និងក្រុមការងារ ចុះពិនិត្យវាយតម្លៃស្ថានភាព និងដាក់ផែនការ ត្រៀមអន្តរាគមន៍២៤ម៉ោង

បន្ទាយមានជ័យ ៖ ក្រោយជំនន់ទឹកភ្លៀងវាយលុកខេត្តស្រះកែវ យ៉ាងធ្ងន់ធ្ងរ គ្រោះអាសន្ននេះបានរំកិលមកគំរាមកំហែង ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងរដ្ឋបាលក្រុង ប្រញាប់ចុះពិនិត្យស្ថានភាពទឹក នៅមាត់អូរព្រំដែនផ្ទាល់ ។

ទឹកអូរព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពិសេសសង្កាត់អូរជ្រៅ សង្កាត់និមិត្ត និងង្កាត់ផ្សារកណ្តាល កំពុងហក់ឡើងយ៉ាងគំហុក និងប្រឈមមុខខ្ពស់ ក្នុងការជន់លិចលំនៅឋាន ដែលជំរុញឱ្យថ្នាក់ដឹកនាំយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះដូចជា ចាស់ជរា អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ជាអាទិភាពខ្ពស់បំផុត។

ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ អាជ្ញាធរបានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ឱ្យកងកម្លាំង ក្រុមសង្គ្រោះត្រៀម២៤ ម៉ោងលើ២៤ម៉ោង ព្រមទាំងរៀបចំទីទួលសុវត្ថិភាព និងត្រៀមមធ្យោបាយជួយទាំង ប្រជាពលរដ្ឋនិងសត្វចិញ្ចឹម ។

ជាងនេះទៅទៀត ក្រុមការងារ បានត្រៀមបើកសំណង់ទ្វារទឹកទាំង ៥កន្លែងរួចជាស្រេច ស្របពេលភាគីថៃបើកទ្វារទឹក ដើម្បីរំដោះចរន្តទឹកអូរព្រំដែន ឱ្យហូរឆ្លងកាត់លឿន និងការពារកុំឱ្យប៉ះពាល់ដល់លំនៅឋាន ប្រជាពលរដ្ឋ៕

អត្ថបទ: ប៊ុន សំណាង / Dap News

To Top