ក្រសួងការងារ ជំរុញ និងពង្រឹងការយល់ដឹង ដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ នៅខេត្តកណ្តាល ពីឥរិយាបថ និងទំនាក់ទំនងការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម នៅកន្លែងធ្វើការ និងផលិតភាពការងារ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី “ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ” នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដើម្បីលើកកម្ពស់ការយល់ដឹង ពីការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាព ការប្រាស្រ័យ ទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការលើកកម្ពស់ផលិតភាពការងារ និងស្ថិរភាពការងារ ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាង ៤០០នាក់ មកពីរោងចក្រ ចំនួន ២២០ នៅខេត្តកណ្តាល។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការកសាងបរិយាកាសការងារ ដោយចៀសវាងការ ប្រើពាក្យសម្ដី ឥរិយាបថ ឬសកម្មភាពមិនសមរម្យ ដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ទំនាក់ទំនងការងារ និងបរិយាកាសនៅកន្លែងធ្វើការ ហើយតម្រូវឱ្យទាំងនិយោជក អ្នកគ្រប់គ្រង និងបងប្អូនកម្មករនិយោជិត ចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុង ។ ចំពោះជនបរទេស ដែលធ្វើការនៅកម្ពុជា ត្រូវបំពេញលក្ខខណ្ឌ តម្រូវស្របតាមច្បាប់ ឈ្វេងយល់ និងគោរពវប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ម្ចាស់ នាយកសហគ្រាស និងអ្នកគ្រប់គ្រង ឱ្យពង្រឹងគោលការណ៍ និងយន្តការផ្ទៃក្នុង សម្រាប់ការប្រាស្រ័យទាក់ទង ដោយការគោរព ព្រមទាំងយកចិត្តទុកដាក់ពិនិត្យ និងពង្រឹងប្រព័ន្ធគ្រប់គ្រង ធនធានមនុស្សជាប្រចាំ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិត កែលម្អចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា និងដោះស្រាយបញ្ហារវាងនិយោជក និងកម្មករនិយោជិតតាំងពីដំណាក់កាលដំបូង។ សហគ្រាសក៏អាចរៀបចំប្រអប់បណ្ដឹង ឬប្រអប់ទទួលសំណូមពរ ដើម្បីឱ្យអាចដោះស្រាយ បញ្ហាបានទាន់ពេលវេលា។

ជាពិសេស លោករដ្ឋមន្ត្រីបានជំរុញឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ការបំពេញមុខងារជាបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស។

ដើម្បីជួយសម្រួលដល់ការឈ្វេងយល់ របស់អ្នកគ្រប់គ្រងជាជនបរទេស ក្រសួងបានបកប្រែច្បាប់ស្ដីពីការងារ ជាភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន។ ឯកសារទាំងនេះនឹងរួមចំណែកបង្កើនការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ច លើកកម្ពស់វប្បធម៌អនុលោមភាព និងធានាសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ សំដៅសម្រេចបាន “សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ” ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះឥរិយាបថ និងទំនាក់ទំនងនៅកន្លែងការងារ ក្រសួងផ្ដល់អាទិភាពលើការអនុវត្តវិធីសាស្ត្រ «ជួប ពន្យល់ និងរំឭក» ដើម្បីបង្កើនការយល់ដឹង កែសម្រួលឥរិយាបថ និងបង្ការកុំឱ្យបញ្ហាកើតឡើងដដែល។

ក្រសួងនឹងបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមនិយោជក សហជីព និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង ការអនុវត្តច្បាប់ លើកកម្ពស់សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាកសាងបរិយាកាសការងារ ប្រកបដោយសុវត្ថិភាព វិន័យ ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការល្អ សំដៅលើកកម្ពស់ផលិតភាព រក្សាស្ថិរភាពការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕





