រដ្ឋមន្រ្តី ហួត ហាក់ ៖ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ ជាការងារអាទិភាពដ៏សំខាន់ តម្រូវឱ្យក្រសួងគិតគូរខ្ពស់
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ ជាការងារអាទិភាពដ៏សំខាន់ ដែលតម្រូវឱ្យក្រសួងទេសចរណ៍ មានការគិតគូរខ្ពស់ទាំង គុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព សំដៅធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ផ្តល់ភាពកក់ក្តៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ការលើកឡើង របស់លោក ហួត ហាក់ ជាប្រធានគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងពិធីបិទ «កម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្ម សម្រាប់ខេត្តគោលដៅ របស់កម្មវិធីអភិវឌ្ឍន៍ជំនាញ» កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ កម្មវិធីហាត់ការវិជ្ជាជីវៈ តាមមូលដ្ឋានអាជីវកម្មនេះ មានគោលបំណងសំខាន់គឺ នាំគ្រូបង្គោល និងអ្នកបណ្តុះបណ្តាល តាមបណ្តាខេត្តគោលដៅគម្រោង ទៅទទួលបទពិសោធន៍ការងារជាក់ស្តែង នៅក្នុងសណ្ឋាគារ និងភោជនីយដ្ឋានស្តង់ដា ដើម្បីពង្រឹងជំនាញ និងធ្វើឱ្យការបណ្តុះបណ្តាលហូកា មានភាពជាក់ស្តែង និងស្របតាមតម្រូវការឧស្សាហកម្ម ។

ថ្លែងក្នុងពិធី លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះរដ្ឋបាលខេត្តសៀមរាប, គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍, អង្គការស្វីសខន់ថាក់ ព្រមទាំងភាគីពាក់ព័ន្ធ លោក François Schnoebelen នាយកសាលាសណ្ឋាគារ និង ទេសចរណ៍ប៉ូលឌុយប្រ៊ូល និងសហការី, តំណាងក្លឹបទេសចរណ៍ ខេត្តសៀមរាប, ព្រមទាំងតំណាងម្ចាស់មូលដ្ឋានអាជីវកម្ម ទាំង១៨ទីតាំង ដែលបានសហការយ៉ាងល្អ ក្នុងការរៀបចំ និងបានបន្តជាដៃគូដ៏សំខាន់ របស់ក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដាអាស៊ាន។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានគូសរំលេចថា បទពិសោធន៍ និងការចែករំលែករបស់លោក លោកស្រីវាគ្មិនទាំងអស់ ពិតជាបានបង្ហាញយ៉ាងច្បាស់ អំពីភាពចាំបាច់ នៃការរៀនសូត្រ ដោយត្រូវផ្សារភ្ជាប់ជាមួយនឹង ការអនុវត្តជាក់ស្តែង នៅហ្នឹងកន្លែង និង សារៈសំខាន់ នៃកិច្ចសហការ រវាងស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន ក្នុងការពង្រឹង សមត្ថភាពគ្រូបង្គោល និងអ្នកជំនាញទេសចរណ៍។ ក្នុងន័យនេះ តាមរយៈការហាត់ការផ្ទាល់នេះ សិក្ខាកាមបានទទួលការបង្ហាត់បង្ហាញ ការណែនាំ និងការតម្រង់ទិសពីអ្នកជំនាញ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារ កិច្ច ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង ជំនាញបច្ចេកទេស និងឥរិយាបថ វិជ្ជាជីវៈស្របតាមស្តង់ដា ឧស្សាហកម្មទេសចរណ៍ ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ក្រសួងទេសចរណ៍កំពុងជំរុញការភ្ជាប់ កម្មវិធីបណ្តុះបណ្តាល HoKa ទៅនឹងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (National Qualifications) ដើម្បីឱ្យជំនាញ និងបទពិសោធការងារទទួលបាន ការទទួលស្គាល់ជាផ្លូវការ និងបង្កើតគន្លង អាជីពកាន់តែច្បាស់លាស់។ ជាពិសេស លោក ក៏បានលើកទឹកចិត្តឱ្យ គ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការ ដើម្បីឱ្យការអភិវឌ្ឍជំនាញឆ្លើយតប នឹងតម្រូវការទីផ្សារការងារ ស្របតាមទស្សនទាន ពី «ជំនាញ ទៅសមត្ថភាព» ពី «សមត្ថភាព ទៅគុណវុឌ្ឍិ» និងពី «គុណវុឌ្ឍិ ទៅអាជីព»។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការស្វីសខន់ថាក់ បានធ្វើការបណ្តុះបណ្តាលដល់យុវជនក្រីក្រ ងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្មនិងអ្នកគ្រប់គ្រង ក្នុងសេវាកម្មបដិសណ្ឋារកិច្ច បានចំនួនជាង ៨.០០០នាក់ ដោយគិតចាប់ពីឆ្នាំ២០១៨ បានអនុវត្តលើជំនាញការិយាល័យជួរមុខ គេហកិច្ច ចុងភៅ និងជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈមានសិក្ខាកាម សរុប ១១៩នាក់, និងតាមរយៈយន្តការវាយតម្លៃ ការសិក្សាពីមុន (RPL) ដល់អ្នកជំនាញទេសចរណ៍ ប្រមាណ ២.២០០នាក់ រួចមកហើយ, ព្រមទាំងបានវាយតម្លៃ ទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃ សមត្ថភាពចំនួន៤ទីតាំង ដែលក្នុងនោះរួមមាន មជ្ឈមណ្ឌល វាយតម្លៃ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ផងដែរ៕
