ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់បម្រាមមិនឲ្យមានវត្តមាន ចូលរួមរបស់ប្រធានាធិបតីប៉ាឡេស្ទីន ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានបដិសេធប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នូវទិដ្ឋាការ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក រយៈពេលពីរឆ្នាំជាប់ៗគ្នា។

ការហាមប្រាមនេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោន បន្តជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមហាម៉ាស ហើយមិនដាក់កំហិតដែលអាចប្រៀបធៀប បានលើមេដឹកនាំអ៊ីស្រាអែល។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន ឬPA និងអង្គការរំដោះប៉ាឡេស្ទីនឬPLO បានបរាជ័យក្នុងការ ធ្វើកំណែទម្រង់ ហើយកំពុងចាត់វិធានការដែលធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់សន្តិភាព។ ទីក្រុងវ៉ាស៊ីនតោនបានជំទាស់ ជាពិសេស ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីន ក្នុងការដេញតាមអ៊ីស្រាអែល នៅតុលាការអន្តរជាតិ ស្វែងរកការទទួលស្គាល់កាន់តែទូលំទូលាយអំពីភាពជារដ្ឋ និងបន្តការបង់ប្រាក់ដល់ប៉ាឡេស្ទីនដែលជាប់គុក ឬសម្លាប់ដោយអ៊ីស្រាអែល។

ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​មាន​ជម្លោះ​ជាមួយ​អង្គការ​សហប្រជាជាតិ​ម្តង​ទៀត។ កាលពីឆ្នាំមុន បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់បម្រាមដូចគ្នា មហាសន្និបាតបានបោះឆ្នោត145-5 ដើម្បីអនុញ្ញាត ឱ្យលោក Abbas អាចត្រឹមថ្លែងតាមវីដេអូ ដោយទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែលប្រឆាំង។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថា សហរដ្ឋអាមេរិកកំពុង
រំលោភលើកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៃទីស្នាក់ការអង្គការសហប្រជាជាតិ ដោយរារាំងមន្ត្រីប៉ាឡេស្ទីនដែលបានអញ្ជើញមិនឱ្យទៅដល់ទីក្រុងញូវយ៉ក៕

គួរឲ្យដឹងដែរថាPA នៅតែជារដ្ឋបាលប៉ាឡេស្ទីន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បើទោះបីជាក្រុមហាម៉ាសបានគ្រប់គ្រង តំបន់ហ្គាហ្សាតាំងពីឆ្នាំ ២០០៧ក៏ដោយ។ រដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់
ដោយសមាជិក១៦០នៃសមាជិក១៩៣ របស់អង្គការសហប្រជាជាតិ រួមទាំងទីក្រុងម៉ូស្គូផងដែរ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលលោក Abbas នៅវិមានក្រឹមឡាំង កាលពីខែមករា ហើយបានប្រកែកថា នៅទីបំផុត ហ្កាហ្សា គួរតែត្រូវបានប្រគល់ទៅឱ្យរដ្ឋបាលប៉ាឡេស្ទីនវិញ៕

To Top